(ស្វាយរៀង)៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់ស្វាយរៀង បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខលោក គង់ សារូ ចៅសង្កាត់ស្វាយរៀង នៅគេហដ្ឋានផ្ទាល់របស់លោក ស្ថិតនៅក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ខណៈដែលលោកមានជំងឺបំពង់ករ សភាពធ្ងន់ធ្ងរបានទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្សី រាជធានីភ្នំពេញ ហើយត្រឡប់មកគេហដ្ឋានរបស់លោកវិញ។
ការចុះសួរសុខទុក្ខនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានការចូលរួមពីលោកលោកស្រី ជាសមាជិកក្រុមប្រឹក្សាសង្កាត់ និងក្រុមការងារគណបក្សប្រជាជនកម្ពុជាជាច្រើនរូបផងដែរ។
លោកបណ្ឌិត កែរ រដ្ឋា បានពាំនាំក្តីនឹករលឹកពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តស្វាយរៀង និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ដែលជានិច្ចកាលលោកស្រី តែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀង និងសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា ដែលមានទុក្ខលំបាក ឈឺជំងឺផ្សេងៗហើយផ្ដាំផ្ញើ ឲ្យខិតខំថែទាំសុខភាពឱ្យបានល្អផងដែរ។
លោកបណ្ឌិតបានបន្តថាលោក គង់ សារូ គឺជាចៅសង្កាត់ដែលមានស្នាដៃល្អ ក្នុងការដឹកនាំក្រុមប្រឹក្សាសង្កាត់ នឹងធ្វើឲ្យប្រជាពលរដ្ឋមានការគាំទ្រមកលើគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនផងដែរ ក្នុងនោះលោកបានផ្តល់សេវាសាធារណៈ ដែលពលរដ្ឋមករកសេវាលោកតែងតែជួយសម្រួល និងយកចិត្តទុកដាក់ខ្ពស់ជូនប្រជាពលរដ្ឋបានល្អប្រសើរ។
លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងផ្ដាំផ្ញើដល់ចៅសង្កាត់ស្វាយរៀងឲ្យខិតខំថែទាំសុខភាព ឲ្យបានល្អនិងពិសារថ្នាំពេទ្យតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យបានទៀងទាត់ ដើម្បីឆាប់ជាសះស្បើយនឹងបន្តការងារឡើងវិញផងដែរ។
អំណោយរបស់លោកស្រីកិត្តិសង្កហបណ្ឌិត ម៉ែន សំអន ដែលលោកបណ្ឌិត កែរ រដ្ឋា យកទៅប្រគល់ជនលោកចៅសង្កាត់ស្វាយរៀងរួមមានថវិកាចំនួន ៥០០.០០០រៀល និងទឹកដោះគោឆៅ២ឡូ, ទឹកផ្លែឈើ ១កេស និងមានការចូលរួមឧបត្ថម្ភពីលោកប្រធានក្រុមការងារ លោក លោកស្រី សមាជិកក្រុមការងារថវិកាចំនួន ១.៥០០.០០០រៀលបន្ថែមទៀត៕