(ត្បូងឃ្មុំ)៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់ជំនួយលើវិស័យសុខាភិបាលដល់កម្ពុជា ក្នុងគោលបំណងចូលរួមលើកកម្ពស់ សុខភាពប្រជាជនកម្ពុជាឲ្យកាន់តែប្រសើរឡើង តាមរយៈគម្រោង USAID ពិសេសក្នុងអាណត្តិប្រធានាធិបតី Joe Biden។
ការថ្លែងបែបនេះរបស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ធ្វើឡើងនាឱកាសដែលលោករួមជាមួយប្រតិភូបានចុះសិក្សា និងពិនិត្យមើលស្ថានភាពនៅមន្ទីពេទ្យបង្អែកពញាក្រែក ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ ដោយមានការទទួលស្វាគមន៍ពីសំណាក់លោក កែវ វណ្ណៈ ប្រធានមន្ទីសុខាភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីសុខាភិបាលពាក់ព័ន្ធមួយចំនួនផងដែរ។
លោក Patrick Murphy បានលើកឡើងថា បេសកកម្មរបស់លោកមកខេត្តត្បូងឃ្មុំ គឺលោកបានជួបដៃគូពាក់ព័ន្ធមួយចំនួន ហើយក្នុងនោះបានមើលឃើញថា មន្ទីរពេទ្យគឺជាគោលដៅសំខាន់មួយដែលត្រូវកែលម្អ ព្រោះជាទីកន្លែងដែលស្មុគស្មាញ ដោយប្រជាជនត្រូវការទាំងធនធានមនុស្ស ហិរញ្ញវត្ថុ និងការគ្រប់គ្រងព្យាបាលអ្នកជំងឺ។
លោកបានគូសបញ្ជាក់ថា តាមរយៈការធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំ នាពេលនេះ គឺដើម្បីជួយកែលម្អលើកកម្ពស់សុខភាពប្រជាជនកម្ពុជា ខណៈឆ្នាំកន្លងទៅសហរដ្ឋអាមេរិកបានជួយថវិកាចំនួន ១១ លានដុល្លារ ជាការឆ្លើតតបចំពោះជំងឺកូវីដ១៩ ដើម្បីថែទាំអ្នកជំងឺដែលបានឆ្លង។
លោកឯកអគ្គរដ្ឋទូតបានបន្តថា ក្នុងវិស័យសុខាភិបាលត្រូវការប្រើប្រាស់នូវបច្ចេកវិជ្ជាថ្មីៗ ដើម្បីឆ្លើយតបនឹងការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ ហើយសម្រាប់មន្ទីពេទ្យបង្អែកពញាក្រែក ភាគីកម្ពុជា-សហអាមេរិក បានបង្កើតឲ្យមានការរៀនសូត្រពីចម្ងាយ ដែលនេះគឺអាចបន្តនូវសមត្ថភាពរបស់បុគ្គលិកមន្ទីរពេទ្យ ហើយសហរដ្ឋអាមេរិកក៏នឹងបន្តភាពជាដៃគូនេះបន្តទៀត ព្រោះវាបានជួយច្រើនលើបញ្ហានានាក្រៅពីជំងឺកូវីដ១៩ ដូចជាអត្រាកាត់បន្ថយជំងឺអេដស៍ស្ទើរតែលុបបំបាត់បាន ដែលប្រជាជនទាំងអស់គ្នានឹងលុបបំបាត់នាពេលខាងមុខដ៏ខ្លី។
ក្នុងនោះដែរ ជំងឺគ្រុនចាញ់ក៏ជាគោលដៅមួយដែលភាគីមិត្តទាំងពីរត្រូវសហការគ្នាទប់ស្កាត់ និងលុបបំបាត់ រួមទាំងជំងឺឆ្លងផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យសុខភាពប្រជាជនកម្ពុជាមានភាពប្រសើរឡើង និងមានភាពចម្រុងចម្រើន។
ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងដែរថា សម្រាប់មន្ទីរសុខាភិបាលគឺស្វាគមន៍ជានិច្ចក្នុងការជួយឧបត្ថមរបស់សហរដ្ឋអាមេរិក តាមរយៈ USAID ដោយកន្លងមកបានជួយកែលម្អគម្រោង គុណភាពសេវាតាមមន្ទីរពេទ្យ មណ្ឌលសុខភាពនៅក្នុងខេត្តត្បូងឃ្មុំ និងគម្រោងបណ្តុះបណ្តាលដល់គ្រូពេទ្យ មន្រ្តីសុខាភិបាល ដើម្បីឆ្លើយតបបន្ទាន់នឹងជំងឺកូវីដ រួមទាំងបង្កើនការស្រាវជ្រាវរកអ្នកជំងឺរបេងថ្មីជាដើម៕