(បាត់ដំបង)៖ នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅផ្លូវលេខ៥៧ក្រវ៉ាត់ក្រុង ភូមិអូរដំបង ឃុំអូរដំង ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានរៀបចំកម្លាំងចម្រុះ និងមន្រ្តីក្រសួងសុខាភិបាល ចុះត្រួតពិនិត្យទឹកនោមរកសារធាតុញៀន និងផ្លុំជាតិអាកុលចំពោះប្រជាពលរដ្ឋ ដែលបើកបរយានយន្តគ្រប់ប្រភេទ។
បន្ទាប់ពីកងកម្លាំងសមត្ថកិច្ច បានត្រួតពិនិត្យទឹកនោមរួច រកឃើញអ្នកផ្ទុកសារធាតុញៀនចំនួន១៦នាក់ ក្នុងនោះមានទាំងអ្នកបើករថយន្តក្រុង អ្នកបើកបររថយន្តកង់១០ និងអ្នកបើករថយន្តធុនតូចផងដែរ។
នៅក្នុងឱកាសនោះ លោក ណុប ដារ៉ា បានលើកឡើងថា យុទ្ធនាការនេះ មិនផ្ដោតតែអ្នកបើកបរនៅរថយន្តតូច ឬរថយន្តធំទេ សូម្បីតែអ្នកបើកបរនៅម៉ូតូ ក៏ត្រូវតែត្រួតពិនិត្យសារធាតុញៀន និងសារធាតុស្រវឹងដែរ ដើម្បីទប់ស្កាត់រាល់ការគ្រោះថ្នាក់ចរាចរណ៍ ដែលមានកើតឡើងជារៀងរាល់ថ្ងៃនៅក្នុងប្រទេសកម្ពុជាយើង។
ជាចុងក្រោយលោក ណុប ដារ៉ា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីជីវិតអ្នក និងជីវិតអ្នកដទៃ ការចូលរួមគោរពច្បាប់ចរាចរណ៍ គឺមានភាពទូលំទូលាយណាស់ ហើយសំណូមពរ ទៅដល់ម្ចាស់ក្រុមហ៊ុន ដែលជួលបុគ្គលិកធ្វើការត្រូវត្រួតពិនិត្យទឹកនោម ទៅដល់បុគ្គលិករបស់ពួកគាត់ជារៀងរាល់សប្តាហ៍ ដើម្បីទប់ស្កាត់នៅអ្នកសេពគ្រឿងញៀន និងទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃលើដងផ្លូវ៕