(ភ្នំពេញ)៖ រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងធម្មការ និងសាសនា បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរលើកទី២២ ក្រោមវត្តមានលោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោកស្រី ងួន ធួន ទីប្រឹក្សារាជរដ្ឋាភិបាល ថ្នាក់ដឹកនាំតំណាងក្រសួងវប្បធម៌និងវិចិត្រសីល្បៈ តំណាងក្រសួងព័ត៌មាន តំណាងក្រសួងទេសចរណ៍ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
ចំពោះសិក្ខាកាម ជាអាចារ្យ អាចារិនី ដែលមកសិក្សាសរុបប្រមាណ២៥៥រូបក្នុងនោះ មានស្ត្រីម្នាក់ ព្រះសង្ឃចំនួន៣៧អង្គផងដែរ។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បានបើកសិក្សាចាប់ពីថ្ងៃទី១៦-២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលក្នុងរយៈពេលនេះត្រូវបាន ឧទ្ទេសនាម ដោយឧទ្ទេសាចារ្យចំនួន៣២រូប ស្មើនឹង៣២ ប្រធានបទ ក្នុងនោះ រួមមាន ពិធីបុណ្យ ពិធីការ ការគ្រប់គ្រង គរុភណ្ឌ ព្រះសង្ឃ និងជំនឿសាសនាផ្សេងៗ។
រាល់ប្រធានបទត្រូវបានរំលឹកដល់ការកកើតលើវគ្គបណ្តុះបណ្តាលទាំងនេះដោយគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ថា ( វិបត្តិអាចារ្យខ្មែរ)។ ដោយឡែក ការបណ្តុះបណ្តាលនេះ ដើម្បីឲ្យអាចារ្យអាចារិនីទាំងអស់ ជួយអប់រំផ្សព្វផ្សាយ ដល់កុលបុត្រកុលធីតាខ្មែរ ឲ្យទទួលបាននូវគុណធម៌ សីលធម៌ ចរិយាធម៌ព្រះពុទ្ធសាសនាព្រះសង្ឃឲ្យទទួល បាននូវច្បាប់រដ្ឋ និងច្បាប់សាសនា ដូច្នេះអ្វីដែលទទួលបានចំណេះជំនាញ គុណធម៌ រួមចំណែកពង្រឹងសុខដុមរមនាក្នុងសង្គម ដើម្បីអភិវឌ្ឍជាតិ ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕