(ភ្នំពេញ)៖ លេខាធិការដ្ឋាន គ.ជ.អ.ប នៃក្រសួងមហាផ្ទៃ និងអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា (WVIC) បានរៀបចំពិធីសម្ពោធការដាក់ឱ្យអនុវត្តគម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ (Raffles Hotel Le Royal)។

ពិធីសម្ពោធនេះ បានធ្វើឡើងក្រោមគណៈអធិបតីភាព លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស.) និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដែលជាដៃគូពាក់ព័ន្ធ សរុបប្រមាណ ១៥០រូប។

តាមរយៈពិធីសម្ពោធនេះ មានគម្រោងចំនួន០២ នឹងត្រូវប្រកាសឱ្យអនុវត្តជាផ្លូវការ ក្នុងនោះរួមមានទី១៖ គម្រោងសមាហរណកម្មគណនេយ្យភាពសង្គម ទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អនុវត្តដោយលេខាធិការដ្ឋាន គ.ជ.អ.ប និង២៖គម្រោងការផ្សារភ្ជាប់ប្រជាពលរដ្ឋ ដើម្បីចូលរួមធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ តាមរយៈការងារគណនេយ្យភាពសង្គមអនុវត្ត ដោយអង្គការទស្សនៈពិភពលោក ដែលគម្រោងទាំង០២នេះ ទទួលបានការគាំទ្រថវិកាពីមូលនិធិបរធនបាលកិច្ចគ្រប់គ្រងដោយធនាគារពិភពលោក (World Bank) ក្រោមការផ្តល់ហិរញ្ញប្បទានពីរដ្ឋាភិបាលអាល្លឺម៉ង់ និងស្វីស សរុបចំនួន៩,៦លានដុល្លារ។

គម្រោងទាំងនេះ នឹងជួយគាំទ្រដល់ការអនុវត្តរយៈពេល ឮ៥ឆ្នាំ ដល់ផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ (២០១៩-២០២៣)៕