(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យមួយទៀត ស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។

សម្រាប់អនុក្រឹត្យនេះ អ្នកគេចវេសមិនធ្វេីចាត្តាឡីស័ក នឹងត្រូវផាកពិន័យ១លាន ទៅ៥លាន ចំណែកអ្នកសម្របសម្រួល ឬមេខ្យល់នឹងត្រូវផាកពិន័យពី១០លានទៅ៥០លានរៀលផងដែរ។ ចំណែកគ្រឹះស្ថានសុខាភិបាលឯកជន ដែលលាក់បាំង និងមិនបានជូនដំណឹងបន្ទាន់ពីអ្នកជំងឺដែលគេចវេសមិនធ្វើចត្តាឡីស័កនឹងពិន័យដូចមេខ្យល់ដែរ។

អនុក្រឹត្យនេះបានចែងពីការផាកពិន័យដូចតទៅ៖

មាត្រា៨៖
ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ចំពោះបុគ្គលដែលគេចវះពីការធ្វើចត្តាឡីស័កតាមការកំណត់ក្នុងមាត្រា៤ នៃអនុក្រឹត្យនេះ។

មាត្រា៩៖
ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ចំពោះបុគ្គលដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ដូចមានចែងក្នុង មាត្រា៦ ចំណុច ២ នៃអនុក្រឹត្យនេះ។

មាត្រា១០៖
ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ចំពោះបុគ្គលដែលធ្វើចត្តាឡីស័ក ដែលមិនសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅ វិភាគរកមេរោគកូវីដ-១៩ ដូចមានចែងក្នុងមាត្រា៦ ចំណុច ៣ នៃអនុក្រឹត្យនេះ។ ការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលត្រូវធ្វើចត្តាឡីស័ករួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្ត្រីសុខាភិបាលយកសំណាក ទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ។

មាត្រា១១៖
ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ៥០.០០០.០០០ (ហាសិបលាន) រៀល ចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គល ដែលត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញពីការត្រួតពិនិត្យរបស់មន្ត្រីចំត្តាស័ក ឬគេចវេះពីការធ្វើចត្តាឡីស័ក ឬ គេចចេញពីកន្លែងធ្វើចត្តាឡីស័ក។

មាត្រា១២ នៃអនុក្រឹតនេះ បានបញ្ជាក់ថា ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១០លាន ទៅ៥០លាន ចំពោះគ្រឹះស្ថានសុខាភិបាលឯកជនទាំងអស់ ដែ?លជួយលាក់បាំង និងមិនបានធ្វើការជូនដំណឹងបន្ទាន់ទៅក្រសួងសុខាភិបាល ក្នុងករណីពិនិត្យឃើញថា អ្នកជំងឺដែលកំពុងទទួលសេវាព្យាបាលនៅក្នុងគ្រឹះស្ថានរបស់ខ្លួន មានតម្រុយបញ្ជាក់ថា ជាអ្នកជំងឺដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬកំពុងគេចចេញពីការធ្វើចត្តាឡីស័ក។

មាត្រា១៣ បញ្ជាក់ថា ប្រាក់ពិន័យនឹងបង្កើនទ្វេដងករណីបទល្មើស នៅតែបន្តប្រព្រឹត្តិម្តងទៀត។

ការចេញអនុក្រឹត្យដាក់ពិនិត្យធ្ងន់ធ្ងរលើភាគីពាក់ព័ន្ធ ដែលមិនបានធ្វើចត្តាឡីស័កនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានរកឃើញថា មានពលករមួយចំនួន ដែលត្រឡប់មកពីប្រទេសថៃ បានគេចវេសមិនធ្វើចត្តាឡីស័ក នៅព្រំដែន។ ករណីបែបននេះ បាននាំទៅដល់ការដកតំណែងអធិការស្រុកកំរៀង ខេត្តបាត់ដំបង និងបន្តចំណាត់ការតាមផ្លូវច្បាប់ផងដែរ៕

ខាងក្រោមនេះជាអនុក្រឹត្យស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩៖