(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្ដ្រីកីឡាពាក់ព័ន្ធសរុប ១,០៥១នាក់ ធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បន្ទាប់ពីមានការស្នើសុំពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលពីថ្មីៗ។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC នៅរាត្រីថ្ងៃពុធនេះ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា «គណ:កម្មាធិការជាតិ CAMSOC សូមគោរពជម្រាបជូនដំណឹងដ៏ល្អ សម្រាប់កីឡាករ-កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្រ្តីកីឡាពាក់ព័ន្ធ ដែលមានក្នុងបញ្ជីស្នើសុំចាក់វ៉ាក់សាំង COVID-19 ត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តីអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឲ្យចាក់ជូន តាមរយៈក្រុមការងារវ៉ាក់សាំង Covid 19 ក្រសួងការពារជាតិ ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន CAMSOC»។
«ដូច្នេះសូមកីឡាករ-កីឡាការិនី គ្រូបង្វឹកជម្រើសជាតិ និងមន្រ្តីកីឡាពាក់ព័ន្ធ ត្រៀមលក្ខណៈចូលរួមចាក់វ៉ាក់ សាំង COVID 19 ដោយស្មារតីស្ម័គ្រចិត្តគ្រប់ៗគ្នា ក្នុងពេលឆាប់ៗនេះ តាមការរៀបចំរបស់អគ្គលេខាធិការដ្នាន CAMSOC ដើម្បីផ្តល់ជំនឿចិត្ត និងភាពកក់ក្តៅក្នុងចិត្តសាស្រ្តកីឡា ត្រៀមទៅហ្វឹកហាត់ក្រៅប្រទេស និងប្រកួតកីឡាជាអន្តរជាតិនានាក្នុងឆ្នាំ ២០២១ ពិសេសត្រៀមការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះឲ្យទទួលបានជោគជ័យ» ។ លោក វ៉ាត់ ចំរើន បន្ថែម។
ទន្ទឹមជាមួយគ្នាលោក វ៉ាត់ ចំរើន បានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោនាយករដ្ឋមន្ដ្រី ចំពោះកីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្ដ្រីកីឡា ក្នុងការទទួលនូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដំបូង ដើម្បីបង្កើនទំនុកចិត្តក្នុងការហ្វឹកហាត់ ក្នុងការត្រៀមបំពេញបេសកម្មសំខាន់ៗ ក្នុងឆ្នាំ២០២១ ដូចជាលារប្រកួតកីឡាអូឡាំពិក នៅប្រទេសជប៉ុន, ការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម និងការចេញទៅហាត់នៅចិន កូរ៉េ និងជប៉ុន ដើម្បីសម្រួចឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ជាដើម៕