(សៀមរាប)៖ ប្រជាពលរដ្ឋក្រីក្រ (ក្រ១ និងក្រ២) និងប្រជាការពារនៅទូទាំងស្រុកបន្ទាយស្រីសរុបចំនួន ២,៦៦៨ គ្រួសារទទួលបានអង្ករដែលមានចំនួនសរុប ៥០ តោនពីគម្រោង «ស្រែសង្គម» របស់រដ្ឋបាលខេត្តសៀមរាប។
ការប្រគល់-ទទួលអង្ករខាងលេីនេះធ្វេីឡេីងនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមវត្តមានលោក ទៀ សីហា អភិបាលខេត្ដសៀមរាប។
ប្រជាពលរដ្ឋទាំង ២,៦៦៨ គ្រួសារនោះ មានមកពី ៦ ឃុំ រួមមាន៖ ទីតាំងទី១ មានឃុំព្រះដាក់ ឃុំរុនតាឯក និងឃុំរំចេក ស្មើនឹង ១,០៨៣ គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តទៅរស់នៅភូមិតានី ឃុំរុនតាឯក ចំនួន ២៥៩ គ្រួសារ និងទីតាំងទី២ មានឃុំខ្នារសណ្តាយ ឃុំឃុនរាម និងឃុំត្បែង ស្មើនឹង ១,៥៨៥ គ្រួសារ។
អង្ករដែលចែកជូនប្រជាពលរដ្ឋនេះបានមកពីការបង្កបង្កើនផលលើដីសែ្រចំនួន ៤០ ហិកតា ដែលរដ្ឋបាលខេត្តសៀមរាបបានជួលពីប្រជាពលរដ្ឋចំនួន ៨៨ គ្រួសារ ក្នុងឃុំព្រះដាក់ ហៅថា ស្រែសង្គម។ ការជួលដីស្រែពីប្រជាពលរដ្ឋនេះទៀតសោត រដ្ឋបាលស្រុកបន្ទាយស្រីឲ្យថ្លៃឈ្នូលដល់ម្ចាស់ស្រែក្នុងមួយគ្រួសារ ៣-៤ ការ៉ុងស្រូវ ទៅតាមទំហំដីដែលប្រជាពលរដ្ឋមាន។
គួររំលឹកថា គម្រោងស្រែសង្គមទាំងនេះ គឺជាផ្លែផ្កានៃការរួមកម្លាំងសាមគ្គីគ្នាលើការប្រវាស់ដីស្រែចំនួន ៤០ ហិកតាជាមួយប្រជាពលរដ្ឋ ៨៨ គ្រួសារនៅក្នុងឃុំព្រះដាក់ ថែមទាំងទទួលបានការចូលរួមឧបត្ថម្ភពូជ ការចំណាយ និងកម្លាំងពលកម្មស្ម័គ្រចិត្តពីសំណាក់មន្ទីរកសិកម្មខេត្តសៀមរាប សប្បុរសជន និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក។
គម្រោងនេះដែរក៏ធ្លាប់ទទួលបានទិន្នផលចំនួន ៨៤ តោន និងបានបែងចែកជាបណ្តើរៗជូនដល់ម្ចាស់ស្រែ ប្រជាពលរដ្ឋទីទ័លក្រ និងជនរងគ្រោះពីទឹកជំនន់នារយៈកាលកន្លងមក ហើយត្រូវបានចែកជូនបញ្ចប់នៅក្នុងថ្ងៃនេះតែម្តង៕