(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងសុខាភិបាល ដែល Fresh News ទទួលបាននៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះបង្ហាញថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលបានចំនួន ៣,២៣៦នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ១,០៤០នាក់។
របាយការណ៍បានបង្ហាញថា ចំនួនអ្នកដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងសរុប ៣,៩៦២នាក់។ តែអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់មានចំនួន ៧២៦នាក់។
ក្រសួងសុខាភិបាល បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
ដោយឡែកគិតចាប់ពីថ្ងៃទី១០ រហូតដល់ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm) ជូនកងកម្លាំងសរុបបាន ១០,០៤៥នាក់ហើយ មាននារី ៧០១នាក់។
របាយការណ៍បានឱ្យដឹងបន្ថែមទៀតថា ក្នុងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមវ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូន នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះឱ្យក្រសួងការពារជាតិ បានសរុបចំនួន ១,១៥២នាក់ នារី ២០០នាក់៕