(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm) របស់ចិន ជូនកងកម្លាំងសរុបបាន ១០,០៤៥នាក់ហើយ មាននារី ៧០១នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
របាយការណ៍បានឱ្យដឹងបន្ថែមទៀតថា ក្នុងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមវ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូន នាយទាហាន នាយទាហានរង និងពលទាហាន ចំណុឱ្យក្រសួងការពារជាតិ បានសរុបចំនួន ១,១៥២នាក់ នារី ២០០នាក់។
ក្រសួងការពារជាតិ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៉ីណូហ្វាមរបស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យកេតុមាលា ហើយក៏នឹងបន្តចាក់នៅតាមអង្គភាពសំខាន់ៗរបស់ខ្លួនមួយចំនួនទៀត នៅពេលខាងមុខនេះ។ មេទ័ពកំពូលរបស់ជាតិ នាយទាហាន នាយទាហានរង និងពលទាន ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងនេះជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ជំនួយវ៉ាក់សាំងរបស់មិត្តចិន ជំហានដំបូងចំនួន៦០ម៉ឺនដូស ក្នុងចំណោម១លានដូស ដែលផ្តល់ជូនតាមសំណើក្រសួងការពារជាតិ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។ ចំណែក៤០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន ក៏បានសរសេរលិខិតទៅកាន់ លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាង ដើម្បីស្នើសុំជំនួយវ៉ាក់សាំងបន្ថែមទៀត ក្នុងនាមរាជរដ្ឋាភិបាលផងដែរ។
បន្ទាប់ពីមកដល់កម្ពុជា វ៉ាក់សាំងកូវីដ១៩ ស៉ីណូហ្វាម ត្រូវបានចាក់ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន និងកងទ័ព នៅទីតាំងមួយចំនួនរួមមាន៖ មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកេតុមាលា (សម្រាប់កងទ័ព)៕