(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញមកច្រានចោលចំពោះការផ្សាយបំពុលខុសពីការពិតថា អ្នកគ្រូបង្រៀនម្នាក់ស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ១៩។
ការចេញមកច្រានចោលនេះ បន្ទាប់ពីបុគ្គល សឺន ហាយ ជាខ្មែរក្រោម ដែលរត់ចេញពីកម្ពុជាទៅនៅក្រៅប្រទេសកាលពីប៉ុន្មានឆ្នាំមុននោះ បានបង្ហោះលើទំព័រហ្វេសប៊ុកថា មានគ្រូបង្រៀនម្នាក់ស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ១៩។
លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងកូវីដ១៩ មិនទាន់មានគ្រូបង្រៀនណាម្នាក់ចាក់នៅឡើយនោះទេ។
លោកស្រី ឱ វណ្ណឌីន បានអំពាវនាវឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនផ្សព្វផ្សាយព័ត៌មានបំពុលនេះផងដែរ។
សូមបញ្ជាក់ថា កញ្ញា ឆន ណារី អាយុ ២១ឆ្នាំ ជាគ្រូបង្រៀននៅខេត្តក្រចេះ។ អ្នកគ្រូបានទទួលមរណភាពដោយសារតែរលាកស្រោមខួរ៕