(ភ្នំពេញ)៖ អាវុធហត្ថរាជធានីភ្នំពេញ បានប្រកាសថា ខ្លួនក្តាប់បានមុខសញ្ញាបាញ់សម្លាប់មនុស្សនៅខណ្ឌពោធិ៍សែនជ័យជាបណ្តើរៗ ហើយសូមបន្តអំពាវនាវជាលើកចុងក្រោយ ចំពោះអ្នកដែលបានចូលរួមធ្វើសកម្មភាព ជាមួយជនដៃដល់ចេញមុខសារភាព នោះនឹងទទួលបានការសម្រាលទោសពីច្បាប់។
សូមបញ្ជាក់ថា អំពើបាញ់ប្រហារដ៏សាហាវនេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅមុខហាងលក់ទូរស័ព្ទពន្លកថ្មី ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យមនុស្ស២នាក់ បានស្លាប់ដោយសារគ្រាប់កាំភ្លើង និងម្នាក់ទៀតរងរបួសធ្ងន់។
អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយយោងទៅលើឃ្លីបវីដេអូ ដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម សមត្ថកិច្ចក្តាប់បានមុខសញ្ញាបណ្តើរៗហើយ ក្នុងនោះឃើញថា មានតែជនល្មើសដៃដល់ម្នាក់គត់ដែលឃោរឃៅ មិនអាចលើកលែងបាន រីឯបក្ខពួកផ្សេងទៀតមានការពាក់ព័ន្ធស្រាល ហើយម្ចាស់កំាំភ្លើង ក៏ឃើញថាមិនបានចូលរួមវាយតប់ជាមួយគេ និងបានព្យាយាមរារាំងជនដៃដល់ មកទាញដណ្តើមកាំភ្លើងផងដែរ។
ដូច្នេះដើម្បីចៀសវាងការផ្តន្ទាទោសធ្ងន់ធ្ងរ សមត្ថកិច្ចសូមអំពាវនាវជាលើកចុងក្រោយ ចំពោះអ្នកដែលបានចូលរួមធ្វើសកម្មភាពជាមួយជនដៃដល់ សូមចេញមុខសារភាព នោះនឹងទទួលបានការ សម្រាលទោសពីច្បាប់។
ចំពោះសាធារណជនទាំងឡាយណា ដែលបានឃើញឬស្គាល់ ឬមានដំណឹងរបស់ជនសង្ស័យ សូមរាយការណ៍ មកកាន់មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានទូរស័ព្ទលេខ៖
- 012 383 383
- 012 66 77 98
- 017 81 81 71 ឬរាយការណ៍ទៅកាន់សមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត សមត្ថកិច្ចនឹងធានា រក្សាការសម្ងាត់ជូន។
ករណីបាញ់ប្រហារនេះ បណ្តាលឲ្យជនរងគ្រោះ២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ សៀក លីម ភេទប្រុស អាយុ២៥ឆ្នាំ (ស្លាប់នៅពេទ្យលោកសង្ឃ) និងឈ្មោះ សុខ ស៉ីដេត ភេទប្រុស អាយុ៤០ឆ្នាំ (ស្លាប់នៅពេទ្យ លោកសង្ឃ)។ ចំណែកឈ្មោះ បូ រ៉ាភី ភេទប្រុស អាយុ៤៦ឆ្នាំ របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្ស៉ី។
អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះ ឈីវ ហៃ ភេទស្រីអាយុ៣២ឆ្នាំ មុខរបរលក់ផ្លែឈើបានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ឈ្មោះ អាត់ ផា អាយុ៣៣ឆ្នាំ បានបើករថយន្តមកឈប់មុខផ្ទះបំណងយកកូនទៅពេទ្យ លុះឈប់បានបន្តិចក៏មានម៉ូតូកង់បីមួយគ្រឿង ពណ៌ស បើកមកទល់មុខឡាន ហើយស៉ីផ្លេពីរបីដងឲ្យប្តីគាត់ បើកឡានគេចចេញ ហើយប្តីគាត់បាននិយាយថា គាត់អែបខាងហើយ បងឯងបើកគេចទៅខាងណោះទៅ បន្ទាប់មកក៏មានទំនាស់គ្នា រួចក៏បែកគ្នាទៅ។
មួយសន្ទុះក្រោយមកជនបង្កបានបើកកង់បីត្រឡប់មកវិញ ដោយមានបក្ខពួកមកជាមួយផងរួមនឹងម៉ូតូ២គ្រឿង (មិនដឹងចំនួនមនុស្ស) បានបង្កទំនាស់ម្តងទៀតរហូតដល់មានការប្រតាយប្រតប់គ្នា ឈានដល់ការបាញ់ប្រហារគ្នាតែម្តង ដោយឡែកប្តីរបស់គាត់បានគេចចេញពីកន្លែងកើតហេតុ៕