(កណ្តាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកកម្ពស់ និងជំរុញការធ្វើទីផ្សារល្អសំរាប់ប្រជាកសិករស្រុកស្អាង ដើម្បីជួយពួកគាត់ឲ្យមានទីផ្សារល្អ តម្លៃល្អ ដែលអាចទទួលយកបាន ហើយអាជ្ញាធរស្រុកស្អាង មានកតព្វកិច្ចសំខាន់លើរឿងនេះ ដោយត្រូវចុះបណ្ដុះបណ្ដាលពីបច្ចេកទេសផ្សេង ក្នុងការដាំបន្លែ ការសម្លាប់សត្វល្អិត និងការចិញ្ចឹមសត្វជាដើម។
ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញយ៉ាងដូច្នេះ នៅក្នុងឱកាសដែល លោកដឹកនាំប្រតិភូទស្សនកិច្ចសិក្សាស្វែងយល់ការដាំបន្លែ នៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាលនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
លោកបណ្ឌិតបន្តថា ប្រជាកសិករផលិតបានហើយនូវកសិផលរបស់ខ្លួន ប៉ុន្តែអ្វីដែលគួរឲ្យកត់សំគាល់នោះគឺផលដំណាំរបស់ពួកគាត់ហាក់មានទីផ្សារនៅទាបនៅឡើយ ដែលនាំឲ្យពួកគាត់មានកម្លាំងចិត្តតិចតួច ក្នុងការផលិតកសិផលបន្តទៀត, ដូច្នេះអាជ្ញាធរស្រុក និងអាជ្ញាធរពាក់ព័ន្ធ ត្រូវស្វែងរកទីផ្សារជូនបងប្អូនប្រជាកសិករនៅក្នុងសហគមន៍ ដោយធ្វើការគៀងគរក្រុមហ៊ុននានា ដើម្បីទិញនូវកសិផលរបស់បងប្អូន ប្រជាកសិករផលិតបាននៅក្នុងសហគមន៍។
ទន្ទឹមនឹងសារនេះដែរ លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្មខេត្តកណ្ដាល ឱ្យដឹងដែរថា លោកបានជំរុញដល់ការធ្វើទីផ្សារបានមះយជំហ៊ានមកហើយ ពោលគឺបានបង្កើតល្សារចុងសប្ដាហ៍នៅក្រុងតាខ្មៅ ហើយខ្នះខ្ណេងជួយរកទីផ្សារសំរាប់កសិករ និងនៅតែបន្តធ្វើការងារឲ្យបានល្អប្រសើរទីមុខទៀត។
គួរជម្រាបថា នៅទូទាំងស្រុកស្អាងមានផ្ទៃដីដាំបន្លែចំនួន៨១៦៩ហិកតា មានចំនួន ១២សហគមន៍ ក្នុងមួយថ្ងៃស្រុកស្អាងអាចផលិតបន្លែជាមធ្យមបានចំនួន ១១៥តោនផងដែរ៕