(បន្ទាយមានជ័យ)៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ចុះបានពង្រឹងការចុះល្បាតតាមបន្ទាត់ព្រំដែនក្នុងខេត្ត ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ និងរត់គេចពីការធ្វើចត្តាឡីស័ក។
លោកឧត្តមសេនីយ៍ អ៊ុ សុផល ស្នងការរងនគរបាលខេត្ត បានប្រាប់បណ្តាញព័ត៌មាន Fresh News ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានដាក់បទបញ្ជាដាច់ខាតដល់កងកម្លាំង ទាំងអស់ត្រូវអនុវត្តបទបញ្ជាថ្នាក់លើ ម៉ឺងម៉ាត់បំផុត ដើម្បីធានាបានគ្មានការលួចឆ្លងដែនចូលដោយមិនបានធើ្វចត្តាឡីស័ក។
លោកសង្កត់ធ្ងន់ថា គ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់រឹតបន្តឹង និងល្បាតត្រួតពិនិត្យ ២៤ម៉ោង លើ២៤ម៉ោង មិនឲ្យមានប្រជាពលរដ្ឋឆ្លងដែនគេសវេសមិនធ្វើចត្តាឡីស័កដាច់ខាតនៅតាមគោលដៅដែលទទួលខុសត្រូវ។ ពិសេសរកឲ្យឃើញនូវមេខ្យល់លួចនាំប្រជាពលរដ្ឋខ្មែរចូលតាមគ្រប់រូបភាព ដើម្បីមានវិធានការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា នៅថ្ងៃនេះ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនមេខ្យល់ម្នាក់ ដែលធ្វើសកម្មភាពនាំប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ហើយបានបញ្ជូនទៅសាលាដំបូងខេត្ត។
ក្រៅពីការចាប់ខ្លួនមេខ្យល់ម្នាក់នេះហើយនោះ កម្លាំងនគរបាលក៏បានរកឃើញឃាត់ខ្លួនពលករ២នាក់ផងដែរ ដែលបានចាញ់បោកមេខ្យល់ខាងលើ ហើយត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្ដេចឪ តាមការកំណត់របស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល។
កាលពីប៉ុន្មានថ្ងៃមុននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យក្រសួងសុខាភិបាល និងមន្ត្រីពាក់ព័ន្ធទាំងអស់ ចាប់ផ្តើមអនុវត្តន៍វិធានការច្បាប់តាម «អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល» ឱ្យបានតឹងរឹងបំផុតចំពោះអ្នកព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ពិនិត្យឡើងវិញ ពីកម្រិតពិន័យនៅក្នុងអនុក្រឹត្យនេះផងដែរ ព្រោះវានៅទាបដែលនាំឱ្យបុគ្គលខ្លះមិនខ្លាចរអា។
បទបញ្ជា និងការណែនាំនេះ បានធ្វើឡើងបន្ទាប់ពីពលករខ្មែរឆ្លងមកពីប្រទេសថៃមួយចំនួន បានព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក ដែលជាហានិភ័យដ៏ធ្ងន់ធ្ងរក្នុងការនាំជំងឺកូវីដ១៩ ចូលក្នុងសហគមន៍៕