(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់កំពុងក្លាយជាជំងឺ និងមេរោគបំផ្លាញផ្លូវថ្នល់ និងបានទទូចឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បន្តខិតខំទប់ស្កាត់បទល្មើសនេះ ពិសេសត្រូវកែទម្រង់រចនាសម្ព័ន្ធរបស់ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់នេះ។
ការថ្លែងបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក្នុងឱកាសជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសាធារណការ។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានដាក់ចេញអនុសាសន៍ជាច្រើន ដល់ក្រសួងសាធារណការ ក្នុងការអនុវត្តការងារបន្តនៅឆ្នាំ២០២១នេះ ដោយក្នុងនោះលោកក៏បានជំរុញឱ្យក្រសួងសាធារណការបន្តការគាំទ្រ និងជំរុញដល់ការកែទម្រង់រចនាសម្ព័ន្ធរបស់ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់។
ជាមួយគ្នានោះ លោកក៏បានណែនាំឱ្យពង្រឹងការអនុវត្តការងាររបស់ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យខិតខំកែលម្អ ពង្រឹងយន្តការការងារបន្ថែមទៀត។
លោក អូន ព័ន្ធមុនីរ័ត្ន បានបន្តណែនាំដល់ក្រសួងសាធារណការ បន្តកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទប់ស្កាត់នូវការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលកំពុងក្លាយជាជំងឺ និងមេរោគបំផ្លាញផ្លូវថ្នល់។
លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឱ្យដឹងថា ក្នុងឆ្នាំ២០២០ រថយន្តសរុបចំនួន ២,១០៩,៣៣០គ្រឿង ត្រូវបានត្រួតពិនិត្យ។ ក្នុងនោះមានរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៥៨៦,១០៣ គ្រឿង ស្មើនឹង ២៧.៧៩%។
លោក សេង ឈួន បានឱ្យដឹងថា រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% មានចំនួន ៥៨២,៨១៤គ្រឿង, រថយន្តផ្ទុកលើសទម្ងន់ពី ៥% ទៅ ១០% មានចំនួន ៧៩គ្រឿង, រថយន្តផ្ទុកលើសទម្ងន់ពី ១០% ទៅ ២០% មានចំនួន ២,១៦៦គ្រឿង និងរថយន្តផ្ទុកលើសទម្ងន់លើសពី ២០% មានចំនួន ១,០៤៤គ្រឿង
លោករដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ចំនួនរថយន្តដែលលើទម្ងន់កម្រិតកំណត់មានចំនួន ២៧.៧៨% នៃរថយន្តបានត្រួតពិនិត្យសរុប គឺមានការថយចុះចំនួន ០.៩៧% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដែលចំនួនរហូតដល់ ២៨.៧៦%។
បើតាមលោក សេង ឈួន ក្នុងឆ្នាំ២០២០កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញគោលការណ៍ពង្រឹងវិធានការយ៉ាងតឹងរឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ដូចជា ពង្រឹងការអនុវត្តដឹកជញ្ជូនឱ្យបានត្រឹមត្រូវ តាមបទប្បញ្ញត្តិដូចចែងក្នុងមាត្រា៦០ នៃច្បាប់ផ្លូវថ្នល់។ ក្នុងករណីយានយន្តដឹកលើសកម្រិតកំណត់ចាប់ពី ២០% ឡើងទៅ ស្ថានីយជញ្ជីងបានឃាត់ទុករថយន្តរយៈពេលមួយឆ្នាំ មានចំនួន ១៧គ្រឿង។
លោក សេង ឈួន ក៏បានលើកឡើងផងដែរថា ទោះបីមានវិធានការរឹតបន្តឹងខ្លាំងយ៉ាងណាក្តី តែក្រុមអ្នកដឹកជញ្ជូននៅតែមិនចូលរួមគោរពច្បាប់៕