(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអំពាវនាវឱ្យសាច់ញាតិសពទាហានម្នាក់ ដែលស្លាប់ក្នុងសម័យសង្គ្រាមលន់នល់ ទៅយកធាតុយកទៅធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីបំណែកឆ្អឹង នៃទាហាននោះ ត្រូវបានរកឃើញដោយ កម្លាំងបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹកក្នុងទន្លេខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងនាមរដ្ឋបាលខេត្ត លោកសូមអំពាវនាវដល់សាច់ញាតិគ្រោងឆ្អឹងសព លោក ឈីម ឈាងលី Chhim ChheangLy ជាអតីតទាហានម៉ារីន ពលីសម័យសង្គ្រាមស៊ីវិលទសវត្ស១៩៧០ ដែលត្រូវបានរកឃើញ ឆ្អឹង និងស្លាកឈ្មោះ ក្នុងនាវាចម្បាំង ១គ្រឿង ដែលត្រូវបានបាញ់ពន្លិច ក្នុងបាតទន្លេមេគង្គ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្បែរព្រំប្រទល់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោកបានបន្តថា បើសាច់ញាតិ បានឃើញចង់យកធាតុ ទៅធ្វើបុណ្យតាមប្រពៃណី អាចទាក់ទង ទៅរដ្ឋបាលខេត្តកំពង់ចាម ឬមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
សូមបញ្ជាក់ថា ឆ្អឹង និងស្លាកឈ្មោះ ខាងលើនេះ ត្រូវបានកម្លាំងបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក រកឃើញ នៅដើមខែមករា ឆ្នាំ២០២១៕