(ឧត្តរមានជ័យ)៖ អាជ្ញាធរខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវរាយការមកអាជ្ញាធរភូមិឃុំ និងសមត្ថកិច្ចមូលដ្ឋានជាបន្ទាន់ បើសិនជាមានសាច់ញាតិ បងប្អូន ដែលលួចឆ្លងដែនខុសច្បាប់ចូលមក ដោយមិនបានឆ្លងកាត់ការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

នៅក្នុងពិធីប្រគល់ផ្ទះជូនស្រ្តីជាជនពិការម្នាក់ ដែលមានជីវភាពខ្វះខាត រស់នៅភូមិពង្រ ឃុំអំពិល ស្រុកបន្ទាយអំពិលនៅព្រឹកថ្ងៃនេះ លោក ឃិន ញ៉ាណ អភិបាលស្តីទីខេត្តឧត្តរមានជ័យ បានថ្លែងជម្រាបជូនបងប្អូន ប្រជាពលរដ្ឋពីសារសំខាន់នៃការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីពិនិត្យរកមេរោគជំងឺកូវីដ១៩។

លោក ឃិន ញ៉ាណ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះទៀតថា «បុគ្គលម្នាក់ដែលត្រូវបាននាំយកទៅធ្វើចត្តាឡីស័ក លុះត្រាតែបុគ្គលនោះត្រូវបានសង្ស័យថា មានការពាក់ព័ន្ធ និងអ្នកដែលសង្ស័យថាមានផ្ទុកមេរោគកូវីដ១៩ ឫក៏បុគ្គលនោះ ទើបវិលត្រឡប់មកពីទីតាំងដែលផ្ទុះករណីមេរោគកូវីដ១៩ ដូចជា ទើបត្រឡប់មកពីក្រៅប្រទេស ឬប្រទេសថៃដែលមានព្រំដែនជាប់ប្រទេសរបស់យើង»

អភិបាលខេត្តស្តីទី បានបញ្ជាក់ទៀតថា ប្រទេសថៃមួយរយៈនេះ មានផ្ទុះនៅមេរោគកូវីដ១៩ខ្លាំង រហូតមានអ្នកស្លាប់បាត់បង់ជីវិតទៀតផង។ ករណីនេះបានធ្វើឲ្យពលករខ្មែរយើងដែលនៅធ្វើការក្នុងប្រទេសថៃ មានការភ័យខ្លាច ហើយក៏បាននាំគ្នាចាកចេញពីប្រទេសថៃ ចូលមកក្នុងប្រទេសរបស់យើងវិញ ដើម្បីការពារកុំឲ្យឆ្លងមេរោគកូវីដ១៩។

ស្របពេលជាមួយគ្នានេះដែរ ដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរថយន្តកងទ័ពមកដឹកជញ្ជូនបងប្អូនពលករដោយផ្ទាល់ដល់ព្រំដែន យកទៅមណ្ឌុលធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅតាមទីតាំងនានាដែលអាជ្ញាធរខេត្ត បានរៀបចំ ដែលការធ្វើបែបនេះគឺដើម្បីតាមដានពិនិត្យមើល ថាតើបងប្អូនមានមេរោគកូវីដ១៩អត់ ហើយការស្នាក់នៅមណ្ឌលធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ គឺបានឧបត្ថម្ភសព្វបែបយ៉ាងរួមទាំងការហូបចុក៣ពេលទៀតផង។

ជាមួយគ្នានេះលោក ឃិន ញ៉ាណ បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានបងប្អូន ឬសាច់ញាតិទើបវិលត្រឡប់មកពីប្រទេសថៃ ដោយមិនបានឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ត្រូវរាយការណ៍ទៅ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចៀសវាងមានការពាក់ព័ន្ធដល់ក្រុមគ្រួសារ និងសាច់ញាតិនៅក្នុងភូមិរបស់យើង។

ក្នុងនាមរដ្ឋាបាលខេត្តឧត្តរមានជ័យលោក ឃិន ញ៉ាណ បានថ្លែងអំណរគុណដល់មូលនិធិជនពិការ ដែលបានសាងសង់ផ្ទះជូនស្ត្រីជាជនពិការនៅពេលនេះ ហើយក្នុងឱកាសនោះដែរ លោកក៏បានចែកជូនថវិកា ដល់ប្រជាពលរដ្ឋដែលបានចូលរួមផងដែរ៕