(ព្រះវិហារ)៖ រថយន្តតូចធំគ្រប់ប្រភេទចំនួន១១២គ្រឿង ដែលធ្វើចរាចរណ៍តាមដងផ្លូវនានាក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ត្រូវបានក្រុមការងារគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោគខេត្ត ចាប់អប់រំណែនាំ និងមួយចំនួនទៀតត្រូវអនុវត្តន៍ទៅតាមច្បាប់ដោយធ្វើការពិន័យដោយមិនលើកលែង។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ត្រឹមរយៈពេលកន្លះខែ ពោលចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោគខេត្តព្រះវិហារ បានចាប់ឃាត់រថយន្តតូចធំ គ្រប់ប្រភេទ ដែលបើកបរតាមដងផ្លូវនានា ក្នុងភូមិសាស្ត្រខេត្តបានចំនួន១១២គ្រឿង។

ប្រធានមន្ទីរបានបញ្ជាក់យ៉ាងដូច្នេះទៀតថា «ក្នុងចំណោមរថយន្តតូចធំទាំង ១១២គ្រឿង ដែលក្រុមការងារបានចាប់ឃាត់នោះ ភាគច្រើនរថយន្តទាំងនោះដឹកសំពីងសំពោង រថយន្តតរានខាងក្រោយ រថយន្តកែឆ្នៃខុស លក្ខណៈបច្ចេកទេស...ជាដើម ហើយរថយន្តទាំងនោះមួយចំនួនតូច ក្រុមការងារបានអប់រំណែនាំក្រៅពីនោះ គឺអនុវត្តន៍ទៅតាមច្បាប់ធ្វើការផាកពិន័យតែម្តង»

លោក សំ លាងទ្រី បានឲ្យដឹងទៀតថា ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធាន អនុគណៈកម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ តែងធ្វើសកម្មភាពចុះត្រួតពិនិត្យនៅតាមដងផ្លូវជាប់ជាប្រចាំ ក្នុងទិសដៅសំខាន់គឺការពារ គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ ដែលបង្កឡើងដោយការដឹកសំពីងសំពោង ការដឹកលើសទម្ងន់និងការកែឆ្នៃយានយន្តខុសលក្ខណះបច្ចេកទេសជាដើម។

ករណីនេះ លោកប្រធានមន្ទីរបានអំពាវនាវឲ្យម្ចាស់យានយន្តទាំងអស់ត្រូវចូលរួមគោរពច្បាប់ ដោយឈប់ដឹកសំពីងសំពោង ឈប់ដឹកលើសទម្ងន់ និងឈប់កែឆ្នៃយានយន្តខុសលក្ខណៈបច្ចេកទេស....ជាដើម។ ជាពិសេសសូមបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ បើកបរវ៉ាជែងដោយភាពប្រថុយប្រថាន បើកបរដោយផឹកគ្រឿងស្រវឹង និងត្រូវពាក់ខ្សែក្រវ៉ាត់ជានិច្ច៕