(ភ្នំពេញ)៖ នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម កម្ពុជា-ជប៉ុន សរុបជិត១.៧ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ១៦ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៩ មានជាង២ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្ន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។
យោងតាមទិន្ន័យរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញ ទៅកាន់ប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់ ជាង១ពាន់លានដុល្លារ ខណៈការនាំចូលពីជប៉ុនចូលមកប្រទេសកម្ពុជាវិញ ក្នុងទំហំទឹកប្រាក់ជាង៦៣៧លានដុល្លារ។
ទិន្ន័យក្រសួងពាណិជ្ជកម្មបានបន្ដទៀតថា នៅឆ្នាំ២០១៩ កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនមានប្រមាណ២ពាន់លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញទៅជប៉ុន ប្រមាណ១.២ពាន់លានដុល្លារ ហើយជប៉ុនបាននាំចូលមកកម្ពុជា ប្រមាណជាង៨០០លានដុល្លារ។
សម្រាប់ទំនិញ ដែលត្រូវបាននាំពីកម្ពុជា ទៅជប៉ុនរួមមាន៖ វាយណ្ឌភាព, ស្បែកជើង, ស្បៀងអាហារ និងគ្រឿងអេឡិចត្រូនិកជាដើម។ ចំណែកឯជប៉ុន នាំចូលមកកម្ពុជា រួមមាន៖ ស្បៀងអាហារ, ទំនិញឧស្សហកម្ម, ផលិតផលពេទ្យ, គ្រឿងម៉ាស៊ីន, ឡាន និងគ្រឿងអេឡិចត្រូនិក។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ការធ្លាក់ចុះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន ដោយសារតែបញ្ហាកូវីដ-១៩ ដែលធ្វើឲ្យការបញ្ជាទិញមានការធ្លាក់ចុះ។
លោក ប៉ែន សុវិជាតិ ក៏បានឲ្យដឹងផងដែរថា លោករំពឹងថាក្រោយមានការចាក់រាក់សាំងកូវីដ-១៩ វានឹងធ្វើឲ្យទំហំពាណិជ្ជកម្ម មានការកើនឡើង ព្រោះថា វាបានផ្ដល់នូវទំនុកចិត្ដ ទៅដល់អ្នកធុរកិច្ច ប្រជាជនទូទៅ និងអ្នកវិនិយោគ។
តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គិតត្រឹមដំណាច់ ខែមករា ឆ្នាំ២០២១ CDC ទទួលស្វាគមន៍ និងចុះបញ្ជីគម្រោង វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន១៤៤គម្រោង ក្នុងទុនវិនិយោគសរុប ប្រមាណ២.៧៩ប៊ីលានដុល្លារអាមេរិក។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្ថែមទៀតថា គម្រោងវិនិយោគជប៉ុនទាំង១៤៤នេះ ក្នុងនោះ មានគម្រោងវិនិយោគចំនួន៦៦គម្រោង បានបោះទីតាំងវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគ សរុបប្រមាណ៣៤០លានដុល្លារអាមេរិក៕