(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ និងមន្រ្តីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Luke Arnold ជួបសម្តែងការគួសម និងពិភាក្សាការងារ ក្នុងគោលបំណងសិក្សាស្វែង យល់ពីសមិទ្ធផល និងវឌ្ឍនភាព នៃការអភិវឌ្ឍដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបាន។
លោក ម៉ែន វិបុល បានបញ្ជាក់ជូនអំពីស្ថានភាពភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន៖ វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មជាដើម ជាពិសេសខេត្ត បានក្លាយជាប្រភពការងារជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្តប្រមាណជាង ៨ម៉ឺននាក់ លើវិស័យឧស្សាហកម្ម រោងចក្រ សេវាកម្មកាស៊ីណូជាដើម។
ជាមួយគ្នានេះ អភិបាលខេត្តបានជម្រាបជូនអំពីស្ថានភាពបច្ចុប្បន្ន និងវិធីសាស្ត្រក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀង ក៏បានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជាផងដែរ។
លោកអភិបាលខេត្ត បានថ្លែងអំណរគុណមន្រ្តីស្ថានទូតអូស្ត្រាលី ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអូស្ត្រាលីកន្លងមក ក្នុងជួយដល់កម្ពុជាតាមរយៈគម្រោងកម្មវិធីរបស់អង្គការមូលនិធិកុមារ អូស្ត្រាលី Child Fund Australia និងគម្រោងកម្មវិធី Resilince Fund របស់អង្គការ UNDP នៅបាវិតជាដើម ។
មន្រ្តីស្ថានទូតអូស្រ្តាលី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរីកចម្រើនរបស់ខេត្តស្វាយរៀង និងបន្តសហការជាមួយរដ្ឋបាលខេត្ត ដើម្បីអភិវឌ្ឍឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត។ លោកក៏បានស្នើរដ្ឋបាលខេត្តបង្កលក្ខណៈងាយស្រួលដល់ជនជាតិអូស្ត្រាលី ដែលបានមកបម្រើការងារនៅក្នុងខេត្តស្វាយរៀងផងដែរ៕