(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី, លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោក Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតប្រ៊ុយណេប្រចាំនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីការងារបោសសម្អាតមីននៅកម្ពុជា។
ឯកអគ្គរាជទូតប្រ៊ុយណេ មានសេចក្ដីរំភើប និងសោកស្ដាយយ៉ាងខ្លាំងចំពោះកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមបែបនេះ ដោយបានបន្សល់ទុកនៅគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងបានធ្វើឲ្យឲ្យប្រជាជនកម្ពុជាស្លាប់របួស និងពិការយ៉ាងច្រើន។
ឯកអគ្គរាជទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ ព្រមទាំងធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងការជួយសង្រ្គោះជីវិត និងផ្តល់ដីមានសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅតាមតំបន់រងប៉ះពាល់ដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី បានស្នើសុំឲ្យប្រទេសប្រ៊ុយណេ ក្នុងនាមជាប្រធានអាស៊ាន និងជាប្រធានគណ:កម្មាធិការនាយក នៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់វិស័យសកម្មភាពមីន ជួយគាំទ្រដល់កម្ពុជាក្នុងការស្រាវជ្រាវពិនិត្យឡើងវិញនូវទិន្នន័យចម្ការមីនដែលបច្ចុប្បន្ននេះចម្ការមីនមួយចំនួន មានការប្រែប្រួលដោយសារការប្រើប្រាស់ដីជាដើម។
ជាការឆ្លើយតបឯកអគ្គរាជទូតប្រ៊ុយណេ នឹងពាំនាំយកសំណើនេះខិតខំដោះស្រាយជាមួយបណ្ដាប្រទេសដែលជាសមាជិកអាស៊ាន៕