(ភ្នំពេញ-ព្រៃវែង)៖ លោក ហាក់ លី ហៅ ពៅ នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានកម្លាំងតម្រួតបទបញ្ជារបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនក្រោយមន្រ្តីនគរបាលរូបនេះ បានប្រើហិង្សា និងគំរាមបាញ់ស្រ្តីម្នាក់នៅខេត្តព្រៃវែង កាលពីអំឡុងបុណ្យចូលឆ្នាំចិន។
លោកវរសេនីយ៍ត្រី ហាក់ លី ត្រូវបានស្រ្តីម្នាក់ប្តឹង ដោយសារលោកបានប្រើហិង្សា និងគំរាមបាញ់ជនរងគ្រោះនៅក្នុងហាងផឹកស៊ី «ជំនោរមករា» ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារខឹងស្រ្តីរងគ្រោះទាំងនោះមិនព្រមទៅដេកជាមួយខ្លួន។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ថា «លោកវរសេនីយ៍ទោ ហាក់ លី ដែលបានបង្កអំពើហិង្សានៅខេត្តព្រៃវែង លើស្រ្តីម្នាក់ ត្រូវឃាត់ខ្លួនបានហើយ ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង»។
លោកវរសនីយ៍ឯក សាន សុខសីហា បានបន្តទៀតថា កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ លោក ហាក់ លី ពិត ជាបានបង្កអំពើហិង្សាទៅលើនារីម្នាក់ នៅហាងខារ៉ាអូខេ នៅខេត្តព្រៃវែង។ លោកថា «ពេលនេះលោក ហាក់ លី ត្រូវបានតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួន។ ម្យ៉ាងវិញទៀត ស្នងការនគរបាលរាជធានីភ្នំពេញ នឹងអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយរង់ចាំការសម្រេចរបស់ព្រះអាជ្ញាខេត្តព្រៃវែងជាមុនសិន»។
គួរជម្រាបថា ក្រោយទទួលបានព័ត៌មាននេះ និងទទួលបានបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ កម្លាំងតម្រួតបទបញ្ជារបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនលោកវរសេនីយ៍ឯក ហាក់ លី ភ្លាមៗ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ រង់ចាំការបន្ដនីតិវិធីរបស់ព្រះរាជអាជ្ញា។ ដោយឡែក ការិយាល័យក៏កំពុងរៀបចំដើម្បីប្រមូលភ័ស្ដុតាងផ្សេងៗ ដើម្បីដាក់វិន័យកងកម្លាំង និងចាត់ការតាមច្បាប់ផងដែរ៕