(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក អ៊ុយ រី អនុប្រធានកិត្តិយសសាខាខេត្ត, លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តបាត់ដំបង ចែកជូនគ្រួសារ ប្រជាពលរដ្ឋចំនួន១៣គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យ។
លោក អ៊ុយ រី បានមានមតិសំណេះសំណាលជាមួយគ្រួសាររងគ្រោះ ដោយបានសម្ដែងនូវការចូលរួមសោកស្តាយ និងការអាណិតអាសូរ ចំពោះក្រុមគ្រួសាររងគ្រោះ ពីសំណាកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយសូមសម្តែងនូវការសោកស្តាយចំពោះការ ខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង ដែលមិននឹកស្មានដល់នេះ។
ទន្ទឹមនឹងនោះដែរ លោកអនុប្រធានកិត្តិយសសាខា ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើង និងសូមជួយអប់រំកូនចៅ ឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ និងត្រូវគោរព
ច្បាប់ចរាចរណ៍ និងសូមកុំបាក់ទឹកចិត្ត ខិតខំបង្កបង្កើនផល និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារឲ្យកាន់តែប្រសើឡើងវិញ។
បន្ថែមពីនេះ សូមយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព អនាម័យ និងសុវត្ថិភាព ផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសកម្ពុជា។
អំណោយដែលបានចែកជូនក្នុងមួយគ្រួសារ រួមមាន៖ អង្ករ៥០គីឡូក្រាម, មី១កេស, ទឹកសុទ្ធ៥កេស, ឃីត១កញ្ចប់ (មុង, ភួយ, ក្រមា, សារុង, អាវ), ត្រីខ១០កំប៉ុង, ទឹកត្រី ទឹកស៉ីអ៉ីវ១យួរ និងថវិកា២០ម៉ឺនរៀង ចំពោះគ្រួសារឆេះទាំងស្រុង។ ដោយឡែងគ្រួសាររងផលប៉ះពាលថវិកា ចំនួន៥ម៉ឺនរៀលផងដែរ៕