(ភ្នំពេញ)៖ សិស្សសាលាអន្តរទ្វីបអាមេរិកាំងសាខាជ្រោយចង្វារ បានជិះរថយន្តសឺរ៉ែនរបស់នគរបាលមួយគ្រឿងទៅសាលា និងចតមុខសាលាយ៉ាងខែងរ៉ែងនាំឱ្យផ្ទុះការប្រតិកម្មយ៉ាងខ្លាំង។

រថយន្តនេះត្រូវបានគេប្រទះឃើញឃើញចតមុខសាលានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ យោងតាមប្រភពពីមន្ត្រីនគរបាល បានឱ្យដឹងថា សិស្សដែលជិះរថយន្តសឺរ៉ែនទៅរៀននេះ មានឈ្មោះ ឧត្តម រៀនថ្នាក់ទី១១។

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងជាម្ចាស់សាលាអន្តរទ្វីបអាមេរិកាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ខាងសាលាមិនបានដឹងថារថយន្តខាងលើនេះជារបស់សិស្សរូបណានោះទេ។

លោកក៏បានបញ្ជាក់ពីវិន័យ និងគោលការណ៍ក្នុងសាលារបស់លោកផងដែរថា មិនអនុញ្ញាតឱ្យសិស្សណាម្នាក់សំញ៉ែងតួនាទីឋានៈរបស់អាណាព្យាបាលនៅក្នុងសាលា ហើយក៏មិនអនុញ្ញាតឱ្យមានការប្រើប្រាស់អាវុធ ឬអំណាចអាណាព្យាបាលនៅក្នុងសាលានោះឡើយ។

លោកក៏បានឱ្យដឹងផងដែរថា សាលាមិនដែលមានអនុញ្ញាតឱ្យមានការប្រើប្រាស់រថយន្តបែបនេះមកចតនៅបរិវេណសាលានោះដែរ។ លោក គួច ម៉េងលី បានអះអាងថា សាលានឹងស្រាវជ្រាវលើបញ្ហានេះ។

ផ្ទុះមានការរិះគន់ជាច្រើនក្រោយពេលបានទទួលព័ត៌មានពីការយករថយន្តសឺរ៉ែនរបស់រដ្ឋជិះទៅរៀនលក្ខណៈឯកជនបែបនេះ។

រថយន្តសឺរ៉ែនរបស់នគរបាល គឺជារថយន្តអាទិភាពមួយ ដែលត្រូវបានគេប្រើសម្រាប់បើកនាំមុខ ឬក្បួនរបស់ថ្នាក់ដឹកនាំ ក៏ដូចជាក្បួនរបស់ភ្ញៀវអន្តរជាតិ ព្រមទាំងកម្មវិធីពិសេសៗដទៃទៀត។

កុំថាឡើយឱ្យកូនបើកទៅសាលារៀន ពេលមិនមានភារកិច្ច ឬចប់ម៉ោងការងារ រថយន្តសឺរ៉ែន ក៏មិនត្រូវបានអនុញ្ញាតឱ្យយកទៅប្រើប្រាស់លក្ខណៈឯកជននៅតាមទីសាធារណៈនានានោះឡើយ។

ប្រភពបានអះអាងថា រថយន្តសឺរ៉ែនរបស់អង្គភាពនគរបាលនេះ ត្រូវបានគេឃើញសិស្សខាងលើជិះទៅរៀនជាច្រើនលើកមកហើយ។

លោកវរៈសេនីយ៍ឯក សាន សុខសីហា ជំនួយការឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងស្រាវជ្រាវរកថា តើរថយន្តសឺរ៉ែនជាកម្មសិទ្ធិរបស់អង្គភាពណាមួយ?

លោកវរៈសេនីយ៍ឯក សាន សុខសីហា បានទទួលស្គាល់ថា ការអនុញ្ញាតឱ្យកូនយករថយន្តនេះជិះទៅសាលាលក្ខណៈឯកជន ជារឿងមិនត្រឹមត្រូវនោះឡើយ៕