(ភ្នំពេញ)៖ រឿងរថយន្តដឹកអង្ករជាង៦០តោន ពីប្រទេសវៀតណាម ចូលទឹកដីកម្ពុជា បណ្តាលឲ្យខូចកៅស៊ូស្ពានអ្នកលឿង រងការរិះគន់យ៉ាងខ្លាំងក្លា ពីប្រជាពលរដ្ឋខ្មែរ សឹងគ្រប់ជាន់ថ្នាក់នេះគឺជាបញ្ហាធ្ងន់ធ្រមួយ ប៉ុន្តែបញ្ហាមួយទៀត ក៏បានលេចឡើងជាមួយគ្នានេះដែរ គឺក្តីបារម្ភពីសំណាក់រោងម៉ាស៊ីនកិនស្រូវរបស់កម្ពុជា ក៏ព្រោះអង្ករវៀតណាម បាននាំចូលយ៉ាងគំហុក ដែលធ្វើឲ្យរងម៉ាស៊ីនមួយចំនួន មិនអាចប្រកួតប្រជែងបាន ហើយសម្រេចចិត្តបិទអាជីវកម្មរបស់ខ្លួន។
អ្នករកស៊ី ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងសហព័ន្ធនាំចេញអង្ករកម្ពុជា បានសម្តែងនូវក្តីបារម្ភ ហើយសំណូមពរឲ្យរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជួយជំរុញ និងទប់ស្កាត់ការនាំចូល អង្ករដែលមិនស្របច្បាប់ (អត់ពន្ធ) ។
ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងជាអគ្គនាយកក្រុមហ៊ុន AMRU RICE លោកឧកញ៉ា សុង សារ៉ន បានថ្លែងឲ្យដឹងថា អង្កររបស់កម្ពុជាយើងមិនអាចប្រកួតប្រជែង ជាមួយអង្ករវៀតណាមបានទេ ក៏ព្រោះតែថ្លៃដើម នៃការផលិតរបស់ប្រទេសនោះ វាទាបជាងនៅប្រទេសកម្ពុជា ដែលខុសគ្នាប្រមាណជា១០០ដុល្លារក្នុង១តោន ដែលបញ្ហានេះធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវ ខ្នាតតូចនិងមធ្យម របស់កម្ពុជា បិទអាជីវកម្មកាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះដែល ម្ចាស់រោងម៉ាស៊ីនកិនស្រូវរូបនេះ បានលើកឡើងទៀតថា ជាសំណូមពរ ដើម្បីជួយដល់កសិករខ្មែរ និងម៉ាស៊ីនកិនស្រូវក្នុងស្រុក រាជរដ្ឋាភិបាលគួរចាត់វិធានការណ៍
សមស្របណាមួយ ធ្វើការទប់ស្កាត់ការនាំចូលអង្ករ របស់ប្រទេសវៀតណាម ដោយអាចរកវិធីសាស្រ្ត ក្នុងការដំឡើងពន្ធនាំចូល ឬកំណត់ចំនួននៃការនាំចូល ក្នុងកំរិតសមស្របណាមួយ ដោយអាចបិទការនាំចូល ពីខែមករាដល់ខែមិថុនា ព្រោះខែនេះជាខែដែលកសិករ កម្ពុជាប្រមូលផលហើយ ស្រូវកំពុងសំបូរខ្លាំង។ ប្រសិនបើប្រទេសកម្ពុជា កំពុងសំបូរស្រូវហើយ ថែមទាំងអនុញ្ញាតឲ្យអង្ករវៀតណាម ចូលដោយសេរីទៀតនោះ ច្បាស់ណាស់ថា នឹងជះឥទ្ធិលពលដល់កសិករ និងរោងម៉ាស៊ីនកិនស្រូវ។
ដោយឡែកមន្ត្រីសហព័ន្ធនាំចេញអង្ករកម្ពុជា បានចាត់ទុកថា បញ្ហាមិនអាចមើលស្រាលបានឡើយ គឺត្រូវធ្វើការយកចិត្តទុកដាក់ ដើម្បីជួយដល់កសិករ និងរោងម៉ាស៊ីនកិនស្រូវ ព្រោះបើរោងម៉ាស៊ីនដួល កសិករអាចបោះបង់ចោលការធ្វើស្រែ។
មន្ត្រីទំនាក់ទំនងព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា លោក ហ៊ឹម ខទៀត បានប្រាប់អង្កភាព Fresh News នៅថ្ងៃនេះថា សភាពសព័ន្ធនាំចេញអង្ករកម្ពុជា កំពុងតែធ្វើការយកចិត្តទុកដាក់លើបញ្ហា នាំចូលអង្ករពីវៀតណាមនេះ និងបានអំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ រឹតបណ្តឹងការនាំចូលអង្ករ ពីប្រទេសវៀតណាម ដោយលោកលើកឡើងថា បញ្ហានៃការនាំចូលអង្ករនេះ ប្រសិនបើនាំចូលដោយស្របច្បាប់ ហើយបង់ពន្ធត្រឹមត្រូវ គឺគ្មានអ្វីគួរឲ្យបារម្ភនោះទេ ប៉ុន្តែបញ្ហាដែលបារម្ភ គឺអង្ករវៀតណាម នាំចូលដោយមិនមានការបង់ពន្ធ។
លោក ហ៊ឹម ខទៀត បានអះអាងថា រហូតមកដល់ពេលនេះ មានរោងម៉ាស៊ីនកិនស្រូវមិនតិចជាង១០ទេ ដែលបានបិទអាជីវកម្មរបស់ពួកគេ ក្រោយពីមិនអាចប្រកួតប្រជែងជាមួយ នឹងអង្កររបស់វៀតណាម ដែលនាំចូលមកកម្ពុជាបាន។ លោកនិយាយថា ប្រសិនបើអង្ករវៀតណាម នាំចូលដោយស្របច្បាប់ (អត់បង់ពន្ធ) ទៀតនឹងជះឥទិ្ធពល ដល់រោងម៉ាស៊ីនកិនស្រូវ ហើយនិងធ្វើឲ្យកសិករបាត់ នូវកម្លាំងចិត្តធ្វើស្រែចំការ។ លោកក៏បានអំពាវនាវ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តារឹងបន្តឹងការនាំចេញ អង្កររបស់វៀតណាម ដើម្បីជួយដល់ប្រជាជនកម្ពុជា។
អ្នកតាមដានស្ថានការណ៍ សង្គមមួយចំនួនបានលើកឡើងថា ប្រទេសកម្ពុជា មិនគួរណាបណ្តែតបណ្តោយ ឲ្យអង្កររបស់ប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម នាំចូលមកលក់យ៉ាងគគ្រឹកគគ្រែងនោះឡើយ ព្រោះប្រទេសយើងជាប្រទេសសំបូរ ដោយផលិតផលស្រូវក្នុងមួយឆ្នាំៗ មានរហូតដល់៩លានតោន ដូច្នេះគួរប្រើប្រាស់ផលិតផលរបស់ជាតិ ជាជាងប្រើប្រាស់ផលិតផល របស់វៀតណាម ព្រោះប្រទេសនេះត្រូវបាន គឺល្បីថាប្រើប្រាស់សាធាតុគីមីធ្ងន់ធ្ងរ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃ។
អ្នកតាមដានស្ថានការណ៍សង្គម បានលើកឡើងទៀតថា ឈ្មួញកម្ពុជាមិនគួរគិតតែពី ផលប្រយោជន៍ផលចំណេញរបស់ខ្លួន ភ្លេចគិតដល់ប្រជាជន ឬប្រទេសនោះទេគួរតែលើកកំពស់ ផលិតផលរបស់ជាតិ ពិសេសអង្ករ ដែលជាង៨០% នៃប្រជាជនកម្ពុជាធ្វើកសិកម្ម។ បើទោះបីអង្កររបស់កម្ពុជា មានតំលៃថ្លៃជាងអង្ករប្រទេសជិតខាងយ៉ាងណាក្តី ប៉ុន្តែវាជាការជួយលើកស្ទួយ ផលិតផលជាតិ ជាមួយនឹងការទទួលបានសុខភាពល្អ ដោយមិនបារម្ភថា អង្ករមានសារធាតុគីមី ព្រោះយើងបរិភោគជារៀងរាល់ថ្ងៃ៕