(សៀមរាប)៖ ដើម្បីអបអរសាទរការបញ្ចប់គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ជាស្ថាពរ ក្រោមកិច្ចសហការរបស់អាជ្ញាធរជាតិអប្សរាជាមួយវិស័យឯកជន អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធីសម្ពោធដាក់ភ្ញៀវទេសចរ និងសាធារណជនចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់ជាផ្លូវការ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ។

ពិធីសម្ពោធនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្រោយបញ្ចប់កិច្ចពិធីសាសនា ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់អាចចូលទស្សនាទិដ្ឋភាពប្រាសាទកណ្តាលស្រះស្រង់ ដើម្បីផ្តិតយករូបភាព ស្វែងយល់ពីប្រវត្តិ និងសិល្បៈនៃប្រាសាទនេះដោយរីករាយ៕