(កណ្តាល)៖ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ សាខា ក.ប.ប ខេត្តកណ្តាល បានសហការជាមួយមន្ទីរពាណិជ្ជកម្ម បានរៀបចំវគ្គផ្សព្វផ្សាយ ស្តីពីការយល់ដឹងអំពីខ្លឹមសារនៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិត ផលទំនិញ និងសេវាច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ការធ្វើអាជីវកម្មផលិតផល ប្រេងឥន្ទនៈនៅកម្ពុជាក្នុងខេត្តកណ្តាល។
វគ្គផ្សព្វផ្សាយនេះ មានការចូលរួមពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល, លោក ឃួន សាវុធ អគ្គនាយករង ក.ប.ប ជាតំណាងលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប លោក ម៉េង សុង ឃាង ប្រធាននាយកដ្ឋានកិច្ចការប្រកួតប្រជែង នៃអគ្គនាយកដ្ឋាន ក.ប.ប លោក ខាន់ វឌ្ឍនៈ អគ្គនាយករង ក.ប.ប ទទួលបន្ទុកសាខា ក.ប.ប ខេត្តកណ្តាល ព្រមទាំងមានការចូលរួមពីលោក លោកស្រី ម្ចាស់ស្ថានីយ និងដេប៉ូផ្គត់ផ្គង់ប្រេងឥន្ទនៈ នៅក្នុងខេត្តកណ្តាលផងដែរ។
វគ្គផ្សព្វផ្សាយខាងលើនេះលោក ម៉េង សុងឃាង ប្រធាននាយកដ្ឋាន កិច្ចការប្រកួតប្រជែង នៃអគ្គនាយកដ្ឋាន ក.ប.ប បានធ្វើបទបង្ហាញ ស្តីពីការយល់ដឹង អំពីខ្លឹមសារនៃច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធដល់ម្ចាស់អាជីវករដេប៉ូប្រេងឥន្ទនៈនៅខេត្តកណ្តាល គោលបំណងដើម្បីឱ្យម្ចាស់អាជីវករបាន យល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធប្រេងឥន្ទនៈ។
វគ្គបណ្តុះបណ្តាលនេះបង្កើតឡើង ក្នុងគោលបំណងសំខាន់ៗ មួយចំនួនរួមមាន៖
*ធានាឱ្យមានការអនុវត្ត អាជីវកម្មចែកចាយ ប្រេងឥន្ទនៈ ប្រកបដោយសុចរិត និងស្មើភាព
*លើកកម្ពស់ ការប្រកួតប្រជែង ស្មោះត្រង់
*ធានាទីផ្សារក្នុងស្រុក ប្រកបដោយទំនុកចិត្ត ពីអ្នកប្រើប្រាស់
*មិនមែនជាការដាក់បន្ទុក ដល់វិស័យឯកជន
*អនុវត្តច្បាប់ ចំពោះអ្នកបំពាន តាមរយៈការពិន័យអន្តរការណ៍ ឬវិធានការតុលាការ ក្នុងករណីមិនរាងចាល៕