(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា យើងត្រូវមានទស្សនវិស័យឱ្យវែងឆ្ងាយអំពីវិស័យពិការភាព ដើម្បីឈានទៅសម្រេចបាន គោលដៅគ្រោងទុក។
លោកបានបន្ថែមទៀតថា «ថ្ងៃនេះខ្ញុំបានចូលរួមរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលវែង របស់អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ ដើម្បីធ្វើយ៉ាងណា ឱ្យជនមានពិការភាពទទួលបានផលប្រយោជន៍ ពីរដ្ឋាភិបាល ហើយប្រែក្លាយ ទៅជាធនធានមនុស្សដ៏សំខាន់របស់ប្រទេសជាតិ»។
លោក ឯម ច័ន្ទមករា បានថ្លែងបែបនេះ ខណៈលោកបានអញ្ជើញចូលរួមក្នុងពិធី បើកសិក្ខាសាលា រៀបចំផែនការយុទ្ធសាស្ត្ររយៈពេលវែង របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំធ្វើនៅថ្ងសទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នាខេត្តសៀមរាប។
រដ្ឋលេខាធិការវ័យក្មេងរូបនេះ បានបន្ថែមឲ្យដឹងថា កន្លងមកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត តែងបានគិតគូរនិងផ្តោតលើការដឹកនាំវិស័យពិការភាពនេះ ធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដោយមិនធ្វើដើម្បីគ្រាន់តែល្អមើល ហើយត្រូវគិតដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជនមានពិការភាព។
លោក បានសង្កត់ធ្ងន់ថា មន្ត្រីដែលមានសមត្ថភាពត្រូវបានលើកទឹកចិត្ត ហើយខ្ញុំសូមលើកទឹកចិត្តដល់មន្ត្រីគ្រប់រូបក្នុងអគ្គលេខាធិការដា្ឋនបន្តការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនដោយការទទួលខុសត្រូវ ដើម្បីទទួលបានភាពជោគជ័យសម្រាប់វិស័យពិការភាពនៅកម្ពុជា៕