(កំពត)៖ មេក្លោង២នាក់ ជំនាញនាំប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមខេត្តកំពត ត្រូវកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោលលេខ ៦០១ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ស្ន ងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា មេខ្យល់ទាំង២នាក់ ដែលជំនាញនាំប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់នេះ ត្រូវបានចាប់ខ្លូននៅចំណុចភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច។
បើតាមលោកឧត្តមសេនីយ៍ស្នងការ មេខ្យល់ទាំង២នាក់នេះឈ្មោះ ហុន ថន អាយុ៤៣ឆ្នាំ រស់នៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច និងឈ្មោះ ហុន វីក អាយុ៣៣ឆ្នាំ រស់នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។
ក្នុងនោះកម្លាំងនគរបាលក៏បានឃាត់ខ្លួនជនជាតិវៀតណាម៣នាក់ផងដែរ ដែលលួចឆ្លងដែនខុសច្បាប់ តាមរយៈមេខ្យល់ខាងលើ។ តាមការសាកសួរជនជាតិវៀតណាមនោះ បានបញ្ជាក់ថា ខ្លួនត្រូវបានមេខ្យល់នាំឆ្លងដែនខុសច្បាប់ចូលកម្ពុជាប្រាកដមែន។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានប្រគល់ជនជាតិវៀតណាម ជូនយោធាការពារព្រំដែនវៀតណាម ហើយបានសំណូមពរភាគីវៀតណាម ក្រោយពីធ្វើចត្តាឡីស័ករួច សូមផ្ដល់ព័ត៌មានអំពីលទ្ធផលនៃការធ្វើតេស្ដមកកម្ពុជាវិញ។ ចំណែកមេខ្យល់ជនជាតិខ្មែរ សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី។
គួរជម្រាបថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងការងារគ្រប់គ្រងការឆ្លងដែនតាមបន្ទាត់ព្រំដែនប្រទេសយ៉ាងតឹងរឹងបំផុត ដើម្បីការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពីប្រទេសជិតខាង។ រាល់ការចេញចូលតាមព្រំដែនទាំងអស់ គឺតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយគ្មានការលើកលែងនោះឡើយ។
ពាក់ព័ន្ធការចាប់ខ្លួនមេខ្យល់នាំពលករខុសច្បាប់នេះ សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យដកស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌ អធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបងម្នាក់ផងដែរ ឈ្មោះ គឹម ពន្លក ដែលបានដោះលែងខ្យល់ត្រឡប់ទៅវិញ ក្រោយទទួលបានលុយចំនួនពីការសូកប៉ាន់។ រហូតមកដល់ពេលនេះ អតីតអធិការស្រុកកំរៀង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយក៏ត្រូវតុលាការឃុំខ្លួនផងដែរ៕