(ភ្នំពេញ)៖ យ៉ាងហោចណាស់មានទណ្ឌិតចំនួន ៩៣១រូប ទទួលបានការលើកលែងទោស និងបន្ធូរបន្ថយទោស នៅក្នុងឆ្នាំ២០២០។ នេះបើតាម លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុតិ្តធម៌ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។
លោក គឹម សន្តិភាព បានឱ្យដឹងថា នៅឆ្នាំ២០២០ ទណ្ឌិតដែលបានធ្វើសំណើសុំលើកលែងទោស និងបន្ធូរបន្ថយទោស មានចំនួនសរុប ១៧៥៣នាក់ ស្រីមានចំនួន ១១៣នាក់។ ក្នុងនោះ ទណ្ឌិតដែលធ្វើសំណើសុំលើកលែងទោសមានចំនួន ៥១៦នាក់ និងទណ្ឌិតធ្វើសំណើសុំបន្ធូរបន្ថយទោសមានចំនួន ១២៣៧នាក់។
«ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ សម្រេចលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតសរុបមានចំនួន ៩៣១នាក់ ស្រីមានចំនួន ៩០នាក់។ ក្នុងនោះ ទណ្ឌិតដែលទទួលបានការលើកលែងទោសមានចំនួន ៥៥នាក់ និងទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោសមានចំនួន ៨៧៦នាក់» ។នេះជាការបញ្ជាក់ ពីលោក គឹម សន្តិភាព។
គួររម្លឹកថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ស្តីពី ការបន្ធូរបន្ថយទោស និងលើកលែងទោស។ ជំពូក២ មាត្រា៣ នៃព្រះរាជក្រឹត្យនេះ បានបញ្ជាក់ថា ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត មានចំនួន ៥ដង ក្នុង១ឆ្នាំៗ រួមមាន៖
១៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
២៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
៣៖ ពិធីបុណ្យវិសាខបូជា
៤៖ ពិធីបុណ្យឯករាជ្យជាតិ
៥៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
មាត្រាដដែលនេះ បានបន្ថែមថា ការបន្ធូរបន្ថយទោស និងលើកលែងទោស ក៏អាចធ្វើផងដែរក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ។ លើសពីនេះទៀត ការបន្ធូរបន្ថយទោស និងការលើកលែងទោស ក៏អាចធ្វើសម្រាប់ពិធីបុណ្យនីមួយៗខាងលើ ឬដាច់ដោយឡែកពីគ្នា ឬរួមគ្នា។
មាត្រា៧ នៃព្រះរាជក្រឹត្យបានកំណត់ថា ទណ្ឌិតដែលអាចទទួលបានការបន្ធូរបន្ថយទោស លុះត្រាតែទណ្ឌិតនោះ បានទទួលរងទោស ១/៣ នៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់។ ចំពោះទោសដាក់ពន្ធនាគារមួយ ជីវិត ទណ្ឌិតត្រូវទទួលរងទោស ១០ឆ្នាំជាមុនសិន។
ក្នុងមាត្រាដដែលបានបញ្ជាក់ដែរថា រយៈពេលនៃការបន្ធូរបន្ថយទោសត្រូវកំណត់ដូចតទៅនេះ៖
* ១៖ ទោសដាក់ពន្ធនាគារកំណត់ពី១ឆ្នាំ ដល់ក្រោម ៥ឆ្នាំ អាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារចំនួន ៣ខែ។
* ២៖ ទោសដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ ដល់ក្រោម ១០ឆ្នាំ អាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារចំនួន ៦ខែ ឬ៣ខែ។
* ៣៖ ទោសដាក់ពន្ធនាគារកំណត់ពី ១០ឆ្នាំ ដល់ក្រោម ២០ឆ្នាំ អាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារចំនួន ៩ខែ ឬ ៦ខែ ឬ ៣ខែ។
* ៤៖ ទោសដាក់ពន្ធនាគារកំណត់ពី២០ឆ្នាំ ដល់ ៣០ឆ្នាំ អាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារចំនួន ១២ខែ ឬ ៩ខែ ឬ ៦ខែ ឬ ៣ខែ។
* ៥៖ ទោសដាក់ពន្ធនាគារមួយជីវិត អាចនឹងបន្ថយទោសលើកទី១ មកនៅត្រឹម ៣០ឆ្នាំ។
មាត្រា៩នៃព្រះរាជក្រឹត្យ បានចែងដែរថា ទណ្ឌិតអាចទទួលការបន្ធូរបន្ថយទោសបានតែម្តងគត់ ក្នុងរយៈពេល ១២ខែ។ ទណ្ឌិតអាចទទួលការបន្ធូរបន្ថយទោសច្រើនដងបាន លុះត្រាតែទណ្ឌិតនោះ បានទទួលរងទោសពាក់ កណ្តាលនៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់ ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌដូចមានចែងក្នុងកថា ខណ្ឌទី១ខាងលើ។
ចំពោះទណ្ឌិតដែលត្រូវបានកំណត់ទោសដាក់ពន្ធនាគារមួយជីវិត ក្រោយពីបានបន្ថយមកនៅត្រឹម ៣០ឆ្នាំ អាចនឹងបានទទួលការបន្ធូរបន្ថយទោសច្រើនដងទៀតបាន។ ប៉ុន្តែទោះជាទណ្ឌិតនោះ បានទទួលការបន្ធូរបន្ថយ ទោសច្រើនដងក៏ដោយ ក៏រយៈពេលនៃការទទួលរងទោសទាំងអស់ត្រូវឱ្យបានយ៉ាងតិច ២០ឆ្នាំ។
មុនចេញព្រះរាជក្រឹត្យថ្មីនេះ ការស្នើសុំការបន្ថួរបន្ថយទោស និងលើកលែងទោសចំពោះទណ្ឌិត ធ្វើឡើងក្នុងពិធីបុណ្យធំៗរបស់ជាតិចំនួន ៣តែប៉ុណ្ណោះ រួមមាន៖
* ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
* ពិធីបុណ្យវិសាខបូជា
* និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕