(ភ្នំពេញ)៖ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានប្រាប់ Fresh News នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា លោកទើបនឹងទទួលដំណឹងថា ក្រសួងមហាផ្ទៃ បានសម្រេចឡើងវិញ ដោយមិនអនុញ្ញាតឱ្យ ប្រធានគណបក្ស យុវជនកម្ពុជា លោក ពេជ្រ ស្រស់ ចូលជួបសកម្មជនគណបក្សសង្រ្គោះជាតិទាំង១៥នាក់នោះទេ។
មូលហេតុដែលមានការសម្រេចជាថ្មីនេះ លោកថា ដោយសារតែលោក ពេជ្រ ស្រស់ ប្រុងនឹងមិនសួរសុខទុក្ខហើយ លើកយកសំណួរបែបវាយប្រហារមកដល់រាជរដ្ឋាភិបាលកម្ពុជាំ ដែលធ្វើឱ្យក្រសួងមហាផ្ទៃមិនអាចទទួលយកបាន ។
លោកថា «ឥឡូវនេះពីថ្នាក់កំពូលមក បានសម្រេចថាមិនឱ្យជួបតែម្តង ហេតុផលដោយសារតែគាត់ប្រើពាក្យអស់នោះ ហើយគាត់មិនមែនទៅសួរសុខទុក្ខទេ គាត់ទៅសំណេះសំណាលជាមួយអ្នកនយោបាយ ដែលកំពុងជាប់ឃុំ អាហ្នឹងយើងទទួលយក អត់បានទេ បើគាត់ចង់វាយប្រហាររបៀបហ្នឹង»។
សូមបញ្ជាក់ថា នៅព្រឹកមិញនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដឹកនាំសមាជិករបស់ខ្លួនប្រមាណ១០នាក់ ដើម្បីចូលជួបសកម្មជនគណបក្សសង្រ្គោះជាតិ ១៥នាក់ នៅក្នុងពន្ធនាគារព្រៃស តាមលិខិតអនុញ្ញាតរបស់ក្រសួងមហាផ្ទៃដែលចេញ កាលពីម្សិលមិញ។ ប៉ុន្តែលោកត្រូវបានហាមឃាត់ដោយមន្រ្តីអនុរក្សពន្ធនាគារដោយសំអាងថាផែនការត្រូវបានផ្លាស់ប្តូរ ។ នេះបើតាមការអះអាងរបស់ លោក ពេជ្រ ស្រស់។
ទោះជាយ៉ាងណាចំពោះករណីនេះ គណបក្សយុវជនកម្ពុជា ដែលទើបបង្កើតថ្មី បាននិងកំពុងធ្វើសន្និសីទកាសែតមួយ នៅរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីឆ្លើយតបចំពោះការមិនអនុញ្ញាតឱ្យចូលសួរសុខទុក្ខ សកម្មជនគណបក្សសង្រ្គោះជាតិ៕