(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្ននេះ ពិភពលោក ព្រមទាំងពលរដ្ឋកម្ពុជា មាននិន្នាការចាប់ផ្តើមងាកទៅរកការប្រើឈើដែលកែច្នៃពីឈើដាំ ហើយពួកគេមិនឱ្យតម្លៃគ្រឿងសង្ហារឹម និងសម្ភារនានា ដែលផលិតពីឈើធម្មជាតិនោះទេ ព្រោះប្រជាពលរដ្ឋទាំងអស់យល់ដឹងពីសារៈសំខាន់ នៃការរក្សាព្រៃឈើធម្មជាតិ។
ខណៈធនធានធម្មជាតិព្រៃឈើបានដើរតួនាទីយ៉ាងសំខាន់ចូលរួមថែរក្សាប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី ប្រជាពលរដ្ឋនៅលើពិភពលោកបច្ចុប្បន្នដូចជានៅអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម បានជ្រើសរើសមិនប្រើប្រាស់គ្រឿងសង្ហារឹម ដែលផលិតពីឈើធម្មជាតិ ប៉ុន្តែគាំទ្រប្រើប្រាស់គ្រឿងសង្ហារឹម ដែលផលិតចេញពីវត្ថុធាតុដើមពីចម្ការឈើដាំ ដែលក្រុមអ្នកជំនាញយល់ឃើញថា វាបានកាត់បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិ និងធ្វើឱ្យធនធានធម្មជាតិព្រៃឈើត្រូវបានថែរក្សាគង់វង្ស។
មន្ត្រីនាំពាក្យក្រសួងបរិស្ថានរូបនេះ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «បច្ចប្បន្ននេះប្រទេសជាច្រើននៅលើពិភពលោកមាននិន្នាការចាប់ផ្តើមងាកទៅរកការប្រើឈើដែលកែច្នៃពីឈើដាំ ហើយពួកគេមិនឱ្យតម្លៃគ្រឿងសង្ហារឹម និងសម្ភារនានា ដែលផលិតពីឈើធម្មជាតិនោះទេ ជាក់ស្តែងជនបរទេស ឬប្រជាជនកម្ពុជារបស់យើង ក៏ចាប់ផ្តើមឃើញនិន្នាការនេះយ៉ាងច្រើនដែល ខណៈសណ្ឋាគារ ឬផ្ទះសំណាក់ណាដែលមានឈើស្អាតៗ អត់សូវមានភ្ញៀវចូលទេ»។
ការលើកឡើងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើនៅក្នុងឱកាសដែលលោកបានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នាឱកាសដឹកនាំយុវជនជាង៣០០នាក់ បោះជំរុំរយៈពេល ២ថ្ងៃ នាថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការគម្ពោតគយ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តក្រចេះ និងចុះបំពេញទស្សនកិច្ចនៅក្នុងចម្ការឈើដាំរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក (ខេមបូឌា)។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្តថា ដូច្នេះ ប្រសិនប្រជាពលរដ្ឋខ្មែរទាំងអស់នាំគ្នាបដិសេធមិនប្រើប្រាស់គ្រឿងសង្ហារឹមដែលកែច្នៃពីឈើធម្មជាតិ វានឹងក្លាយជាផ្នែកមួយកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សម្រាប់អាជីវកម្មកែច្នៃគ្រឿងសង្ហារឹមណាដែលមានអាជីវកម្មស្របច្បាប់ គឺមន្ត្រីគោរព ក៏ប៉ុន្តែ មន្ត្រីឧទ្យាននុរក្ស នៃក្រសួងបរិស្ថាន បានសហការជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ចុះបង្ក្រាបដេប៉ូឈើ ឬសិប្បកម្មដែលមិនមានច្បាប់អនុញ្ញាត។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ចង់ឱ្យមានការវិនិយោគចម្ការឈើដាំនេះ មានការរីកទៅកាន់តំបន់ផ្សេងទៀត ដែលស្ថិតនៅក្នុងតំបន់ព្រៃរីករិល ឬមួយដីទំនេរដែលគេអាចដាំបាន ហើយអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងទីផ្សារក្រៅស្រុកជាដើម។
បច្ចុប្បន្ននេះ ការអភិវឌ្ឍចម្ការឈើដាំមានគុណតម្លៃក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមឈើ សម្រាប់ឧស្សាហកម្មកែច្នៃឈើ ខណៈការសាងសង់សំណង់នៅកម្ពុជា បាននឹងកំពុងរីកចម្រើន និងកើនឡើងខ្ពស់ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលគម្រោងសាងសង់អគារថ្មីៗជាច្រើនកើតឡើងស្គុះស្គាយ។
ដោយសារតែការផលិតក្នុងស្រុកមិនទាន់គ្រប់គ្រាន់ កម្ពុជាក៏បាននាំចូលឈើកែច្នៃពីបរទេសផងដែរ។ ចម្ការឈើដាំផ្តល់ផលប្រយោជន៍បង្កើតការងារជូនប្រជាពលរដ្ឋជាច្រើននាក់ក្នុងដំណើរការដាំដុះ និងប្រមូលផល ព្រមទាំងការកែច្នៃ។ ដូចនៅប្រទេសវៀតណាម ដែលពួកគាត់ដាំចម្ការឈើដាំ បាននាំចេញទៅកាន់អឺរ៉ុប ក្នុងមួយឆ្នាំៗទទួលបានចំណូលរាប់ពាន់លានដុល្លារ និងបង្កើតការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ។
ភាពជោគជ័យរបស់វៀតណាម ក្នុងការរកចំណូល ១០ពាន់លានដុល្លារ ក្នុង១ឆ្នាំពីឧស្សាហកម្ម កែច្នៃឈើ និងមេរៀនសម្រាប់កម្ពុជា។ ប្រទេសវៀតណាម កំពុងទទួលជោគជ័យយ៉ាងធំធេងក្នុងការនាំផលិតផលឈើកែច្នៃចេញទៅក្រៅប្រទេស។ ទីផ្សារផលិតផលឈើពិភពលោក មានទំហំប្រមាណ ២០០ពាន់លានដុល្លារ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនស៊ីង បាយអូថេក ទទួលបានការអនុញ្ញាតត្រឹមត្រូវពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅក្នុងការឈូសឆាយលើផ្ទៃដីទាំងអស់ ដែលជាផ្ទៃដីព្រៃរិចរិលស្ថិតក្នុងទំហំដីដែលបានទទួល សិទ្ធិប្រើប្រាស់សម្រាប់ធ្វើចម្ការឈើដាំបម្រើ ក្នុងវិស័យឧស្សាហកម្ម ហើយក្រុមហ៊ុនបានបង់ថ្លៃសួយសារ និងបុព្វលាភផលអនុផលព្រៃឈើ ដែលបានពីការឈូសឆាយដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើនៅក្នុងអនុតំបន់ផ្សេងៗ របស់ខ្លួនស្របតាមគោលការណ៍ច្បាប់កំណត់។
បើតាមលោក Run Peng Wei អ្នកជំនាញបច្ចេកទេសដាំកូនឈើរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក បានឱ្យដឹងថា សម្រាប់ទិន្នផលមួយហិកតា គឺអាចប្រមូលបាន ១៥០ម៉ែត្រគូប ប៉ុន្តែ សម្រាប់គុណភាពដើមប្រេងខ្យល់ដែលក្រុមហ៊ុនដាំបាននេះ គឺអាចទទួលទិន្នផលអាចលើសពី១៥០ម៉ែត្រគូប ក្នុងមួយហិកតា។ បន្ថែមពីនេះ បើតាមតម្លៃនៅលើទីផ្សារបច្ចុប្បន្ននេះអាចមានតម្លៃចាប់ពី៤០ដុល្លារ ឬអាចឡើងដល់៦០ដុល្លារ ទៅតាមតម្រូវទីផ្សារក្នុងពេលអនាគត។លោក Run Peng Wei បានបន្តថា ក្រោយពីផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់ ក្រុមហ៊ុនក៏បានសម្លឹងមើលទីផ្សារក្រៅប្រទេសផងដែរ ដូចជាប្រទេសចិន កូរ៉េជាដើម។ល៕