(កណ្ដាល)៖ ជនសង្ស័យចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ពាក់ព័ន្ធសកម្មភាពលួចគោរបស់ប្រជាពលរដ្ឋ នៅចំណុចភូមិត្រពាំងក្រសាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ខណៈបក្ខពួកម្នាក់ទៀត កំពុងរត់គេចខ្លួនហើយកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវជាបន្ដបន្ទាប់ ដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកអង្គស្នូល បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យទាំង៧នាក់នេះ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ២នាក់ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។ នេះបើតាមរបាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់នេះ ទី១៖ឈ្មោះ លី ចាន់ អាយុ៤៩ឆ្នាំ មុខរបរទិញលក់សត្វគោ, ទី២៖ឈ្មោះ កូវ រស្មី ហៅគោ អាយុ៣១ឆ្នាំ អ្នកស៊ីឈ្នួរដឹកសត្វគោ, ទី៣៖ឈ្មោះ ជឹម សាមីត អាយុ២៤ឆ្នាំ អ្នកលួចសត្វគោ, ទី៤៖ឈ្មោះ កៃ វណ្ណដន អាយុ៤០ឆ្នាំ អ្នកទទួលទិញសត្វគោបន្ត, ទី៥៖ឈ្មោះ វ៉ាត់ ធួន ហៅគក អាយុ៣១ឆ្នាំ អ្នកទទួលទិញសត្វគោបន្ត, ទី៦៖ឈ្មោះ ហ៊ិន នី អាយុ៣៦ឆ្នាំ អ្នកបើករ៉ឺម៉កដឹកសត្វគោ, ទី៧៖ឈ្មោះ យី ទ្រី អាយុ៥១ឆ្នាំ អ្នកទិញសត្វគោបន្ត។ ខណៈជនសង្ស័យម្នាក់ទៀត ឈ្មោះ សាន់ គីម អាយុ៤៦ឆ្នាំ អ្នកទិញសត្វគោបន្ត (គេចខ្លួន)។

នៅពេលឃាត់ខ្លួន កម្លាំងនគរបាលជំនាញដកហូតបាន សត្វគោញី ចំនួន៤ក្បាល និងរ៉ឺម៉កសម្រាប់ដឹកសត្វគោចំនួនពីរគ្រឿង។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕