(ក្រចេះ)៖ «យើងបានចុះទប់ស្កាត់ និងបង្ក្រាបឡដុតធ្យូង ឡដុតធ្យូង គឺជាកន្លែងដែលបំផ្លាញធនធានឈើមួយដែល ពីព្រោះពួកគាត់អត់យកឈើធំៗមកដុតទេ ប៉ុន្តែ ពួកគាត់ទៅកាប់ឈើតូចៗ ដែលមានអាយុ៥ ឬ៦ឆ្នាំ មកដុតធ្វើធ្យូង ជួនកាលកូនឈើតូចៗ ដែលបញ្ហានេះមើលទៅជាបញ្ហាធម្មតា និងសាមញ្ញតែវាជាវិនាសសកម្មមួយបើយើងមិនបានយកចិត្តទុកដាក់»។
ការលើកឡើងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើនៅក្នុងឱកាសដែលលោកបានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នាឱកាសដឹកនាំយុវជនជាង៣០០នាក់ បោះជំរុំរយៈពេល ២ថ្ងៃ នាថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការគម្ពោតគយ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តក្រចេះ។
ពាក់ព័ន្ធនឹងចំណុចនេះ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន តែងតែចុះល្បាតនៅក្នុងតំបន់ការពារធនធានធម្មជាតិ ដែលខ្លួនគ្រប់គ្រង ខណៈជួបប្រទះឡដុតធ្យូង នឹងត្រូវកម្ទេចចោលតែម្តង ព្រមទាំងធ្វើកិច្ចសន្យាដល់ម្ចាស់ឡដុតធ្យូងទាំងអ់សនោះឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួនបន្តទៅទៀតជាដើម។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា មុននឹងមន្ត្រីជំនាញចុះបង្ក្រាប គឺបានធ្វើការអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅជុំវិញតំបន់ការពារធនធានធម្មជាតិ ឱ្យពួកគាត់បានយល់ដឹងពីអត្ថប្រយោជន៍នៃការពារ ថែក្សាព្រៃឈើ និងវិនាសសកម្មនៃការបាត់បង់ព្រៃឈើធម្មជាតិ ដល់ពួកគាត់ផងដែរ។
មន្ត្រីអ្នកនាំពាក្យរូបនេះ បានបន្ថែមថា ក្រៅពីការផ្សព្វផ្សាយអប់រំ ផ្នែកច្បាប់មន្ត្រីក្រសួងបរិស្ថាន ព្រមទាំងអាជ្ញាធរមូលដ្ឋាន អង្គការដៃគូ ក៏បានណែនាំដល់ប្រជាពលរដ្ឋឱ្យចេះសន្សំសំចៃការប្រើប្រាស់អុស ធ្យូងជាដើម យើងអាចនិយាយថា ការប្រើប្រាស់អុសដុត ឬការប្រើប្រាស់ធ្យូង គឺជាផ្នែកមួយធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ ជាដើម។
ទន្ទឹមនឹងនេះដែរ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បទល្មើសទន្ទ្រាព្រៃឈើធម្មជាតិ ជាបទល្មើសកម្រិតធំទី២ បន្ទាប់ពីបទល្មើសព្រៃឈើ ដោយឡែកសម្រាប់អ្នកដែលមកចូលទន្ទ្រានព្រៃឈើនេះ ប្រជាពលរដ្ឋដែលរស់នៅតំបន់ការពារធនធានធម្មជាតិនេះមិនសូវមានច្រើននោះទេ ប៉ុន្តែ ភាគច្រើនបទល្មើសនេះប្រព្រឹត្តឡើងដោយជនចំណូលស្រុក។
សម្រាប់បទល្មើសកាប់ទន្ទ្រាដីព្រៃពីសំណាក់ក្រុមជនខិលខូច បើតាមលោក នេត្រ ភក្ត្រា បានឱ្យដឹងថា គឺជនទាំងនោះតែងតែធ្វើសកម្មភាពពេលយប់ជ្រៅ ខណៈដែលមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន នៅមានចំនួនតិច ហើយផ្ទៃដីព្រៃឈើការពារមានចំនួនច្រើនលើសលប់៕