(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ត្រូវទប់ស្កាត់ឲ្យខាងតែបាននូវការលួចឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋ សំដៅការពារជំងឺកូវីដ-១៩។
ការដាក់បទបញ្ជាយ៉ាងដូច្នេះ នៅគ្រាដែលលោកបានដឹកនាំក្រុមការងារ អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំង៣ នៅតាមបណ្តាគោលដៅដែលកំពុងឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-វៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
លោកអភិបាលខេត្ត បានបន្តថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ចូលក្នុងប្រទេសកម្ពុជា ក៏ដូចជាភូមិសាស្ត្រខេត្តកណ្ដាល ពិសេសត្រូវអនុវត្តតាមអនុសាន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កងកម្លាំងនៅតាមបណ្តាគោលដៅ ដែលកំពុងឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-វៀតណាមរបស់ស្រុកកោះធំ និងស្រុកលើកដែក ត្រូវយកចិត្ដទុកដាក់ សហការជាមួយ នគរបាលការពារព្រំដែនចេញល្បាតត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង និងមិនអនុញ្ញាតឲ្យមានប្រជាពលរដ្ឋទាំងសងខាង លួចឆ្លងដែន ដាច់ខាតនៅគ្រប់បណ្តាគោលដៅទាំងអស់។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា គ្រប់កម្លាំងទាំងអស់ត្រូវដាក់ពលរដ្ឋទាំងអស់ ដែលឆ្លងកាត់ឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ឲ្យបានត្រឹមត្រូវដើម្បីការពារទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩៕