(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល ខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្នាធ្នង់ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងការពារព្រំដែន ក្រុមប្រឹក្សាឃុំ និងឧបត្ថម្ភជាសម្ភារគ្រឿងឧបភោគបរិភោគ ដល់ប្រជាការពារ ដែលឈរជើង និងល្បាតតាមខ្សែបន្ទាត់ព្រំដែន និងចុះពិនិត្យទីតាំងភូមិសាស្រ្តតំបន់ព្រំដែនក្នុងឃុំថ្នាធ្នង់ស្រុករំដួល ដែលនៅជិតព្រំដែន ក្នុងអំឡុងពេលការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ ដើម្បីការពារ ទប់ស្កាត់ ការលួចឆ្លងដែនចូលមកក្នុងស្រុកខុសច្បាប់តាមផ្លូវរបៀង។ សកម្មភានេះបានធ្វើឡើង នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
នៅក្នុងដំណើរចុះពិនិត្យមើលស្ថានភាពនៅតាមតំបន់ព្រំដែននេះដែរក៏មានការចូលរួមពី លោកអនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្នាធ្នង់ លោកស្នងការរង លោកអភិបាលស្រុករំដួល ក្រុមការងារ វិស័យមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្ត ជាច្រើននាក់ផងដែរ។
ជាមួយគ្នានេះលោកក៏បានពាំនាំនូវការផ្ដាំផ្ញសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាល អភិបាលខេត្តស្វាយរៀង ជូនដល់កងកម្លាំង ក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ។
លោកបានថ្លែងកោតសរសើរ អរគុណដល់ទឹកចិត្តរបស់អាជ្ញាធរ កងកម្លាំង ប្រជាពលរដ្ឋដែលមានឆន្ទៈក្នុងការចូលរួមទប់ស្កាត់ ការពារតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា តាមតួនាទី ភារកិច្ច ទាំងយប់ ទាំងថ្ងៃយ៉ាងខ្ជាប់ខ្ជួន។
លោក តូច ប៉ូលីវ៉ា បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋកងកម្លាង អាជ្ញាធរដែនដី ត្រូវតែបង្កើនការចូលរួមបង្ការទប់ស្កាត់ជំងឺ Covid-19 ឲ្យបានខ្លាំងក្លាបន្ថែមទៀតជាពិសេសសូមចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកលលោក រក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងនៃជំងឺមួយនេះ៕