(ភ្នំពេញ)៖ គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារដឹកនាំការកសាងគណបក្ស កសាងអង្គការសហជីព និងចលនាកម្មករ និយោជិក តាមរោងចក្រសហគ្រាស គ្រឹះស្ថាន ខណ្ឌ-សង្កាត់។
នេះបើតាមការបញ្ជាក់របស់លោក ជា ពិសី ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ ដែលអ្នកយកព័ត៌មាន Fresh News លោក ហាស់ កំសាន្ដ ទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
បើតាមលោក ជា ពិសី ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ ចំពោះសេចក្តីសម្រេចស្តីពីការបង្កើតក្រុមលេខាធិការដ្ឋានជាសេនាធិការ នៃក្រុមការងារដឹកនាំការកសាងគណបក្ស កសាងអង្គការសហជីព និងចលនាកម្មករ និយោជិក តាមរោងចក្រសហគ្រាស គ្រឹះស្ថានខណ្ឌ-សង្កាត់នេះ គឺអ្វីដែលសំខាន់នោះ សំដៅចុះជួបផ្ទាល់ និងដឹងថាកម្មករ កម្មការិនី ដែលមកពីកន្លែងផ្សេងៗមានប៉ុន្មាននាក់ ហើយបានកសាងបក្សហើយឬនៅ បើនៅតើត្រូវធ្វើបែបណា? ដើម្បីអនុវត្តឲ្យបានខ្ចាប់ខ្ចួននូវគោលនយោបាយរបស់គណបក្ស ពង្រឹងផ្ទៃក្នុងគណបក្ស ដោយស្មារតីទទួលខុសត្រូវ ក្នុងការបន្តកិច្ចសហការសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ដើម្បីដោះស្រាយតម្រូវការដែលអាចធ្វើទៅបាន ក៏ដូចជាដោះស្រាយបញ្ហាផ្សេងៗ ប្រកបដោយមនោសញ្ចេតនា ជូនដល់ប្រជាពលរដ្ឋ៕