(ហូជីមិញ)៖ ទីក្រុងហូជីមិញ របស់ប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានទទួលពាក្យស្នើសុំជាច្រើន ដើម្បីទទួលបានសិទ្ធិប្រើប្រាស់ប័ណ្ណបើកបរអន្តរជាតិ ដែលអាចប្រើប្រាស់ក្នុងប្រទេសចំនួន ៧៣នៅលើសកលលោក។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ដកស្រង់ព័ត៌មានពីនាយកដ្ឋានដឹកជញ្ជូន ទីក្រុងហូជីមិញ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។
ប័ណ្ណបើកបរអន្តរជាតិនេះ នឹងផ្តល់ជូនទៅពលរដ្ឋវៀតណាម និងជនបរទេសណាក៏ដោយ ដែលមានលិខិតស្នាក់នៅត្រឹមត្រូវ ក្នុងប្រទេសវៀតណាម ដោយគ្រាន់តែចំណាយត្រឹមតែ ១៣៥,០០០ដុង ស្មើនឹង ៦ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ មន្ត្រីផ្នែកដឹកជញ្ជូននឹងរៀបចំធ្វើប័ណ្ណបើកបរជូនភ្លាម។
ប័ណ្ណបើកបរអន្តរជាតិនេះ អាចប្រើប្រាស់នៅក្នុងប្រទេសចំនួន ៧៣ ដោយក្នុងនោះរួមមាន រុស្ស៊ី, អាល្លឺម៉ង់, អ៊ីតាលី, បារាំង, ដាណឺម៉ាក, ហូឡង់, និង ស្វីស ផងដែរ។
នាយកដ្ឋានផ្នែកដឹកជញ្ជូនឲ្យដឹងទៀតថា យានជំនិះទាំងអស់ដែលត្រូវបានចុះបញ្ជីជាផ្លូវការក្នុងទីក្រុងហូជីមិញ មានចំនួនជា ៧,៦លានគ្រឿង ក្នុងនោះ រថយន្តមានចំនួន ៦០០,០០០គ្រឿង និង ទោចក្រយានយន្តចំនួន ៧ លានគ្រឿង៕