(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះមន្ត្រីឧទ្យានុរក្ស និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តបំពេញភារកិច្ចបានយ៉ាងល្អដោយមិនខ្លាចនឿយហត់ និងមិនខ្លាចពីគ្រោះថ្នាក់ក្នុងការចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ទាំងមូល ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិដែលកម្ពុជា នៅសល់នេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
គួរបញ្ជាក់ថាប្រទេសកម្ពុជា មានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់ បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារ ធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដី ប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,២លានហិកតា។
ការថ្លែងអំណរគុណនេះធ្វើឡើងដោយលោក នេត្រ ភក្ត្រា នៅក្នុងឱកាសចូលរួមជាអធិបតីភាពកម្មវិធីបោះជំរុំក្រោមប្រធានបទ «យើងស្រឡាញ់ព្រៃឡង់» នៅក្នុងភូមិសាស្ត្រខេត្តក្រចេះកាលពីថ្ងៃទី១៤ និងទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមលោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅឆ្នាំ២០២០កន្លងទៅនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងសហគមន៍តំបន់ការពារធម្មជាតិដោយមានការគាំទ្រពីអង្គការដៃគូ បានចុះល្បាតចំនួន ១,៧២៨ លើក បង្ក្រាបបទល្មើសបានចំនួន ១,០១៩ករណី ក្នុងនោះបានបញ្ជូនសំណុំរឿងទៅ តុលាការចំនួន ៤៧ករណី រឹបអូសរណាយន្តបានចំនួន ៤៨១គ្រឿង គោយន្តកន្ត្រៃចំនួន ១១៦គ្រឿង រឹបអូសម៉ូតូចំនួន ៤៧គ្រឿង ដោះអន្ទាក់ចេញពីតំបន់ព្រៃឡង់បានចំនួន ២,៦៣០អន្ទាក់ ដកហូតកាំភ្លើងកែច្នៃចំនួន ១១៧ដើម ដកហូតឈើបានចំនួន ២៧៥ម៉ែត្រគូប ពិន័យអន្តរការណ៍ចំនួន ៦៩ករណី និងធ្វើកិច្ចសន្យានិងអប់រំចំនួន ៣៧៩ករណី។
ដែនជម្រកសត្វព្រៃ«ព្រៃឡង់» ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៦ ហើយស្ថិតក្រោមការគ្រប់គ្រងអភិរក្សរបស់ក្រសួងបរិស្ថាន មានផ្ទៃដីសរុបជាង ៤៣ម៉ឺនហិកតា និងមានភូមិសាស្ត្រខេត្តចំនួន៤ គឺខេត្តស្ទឹងត្រែង, ខេត្តព្រះវិហារ, ខេត្តកំពង់ធំ និងខេត្តក្រចេះ។
កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រកាសទទួលស្គាល់តំបន់ការពារធម្មជាតិ ចំនួន១៩ ដែលមានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃដ៏មានសារៈសំខាន់។
«លទ្ធផលនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនមន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិដែលបានរួមគ្នាចុះល្បាតជាប្រចាំ។ ក្រសួងបរិស្ថាន សូមអរគុណអ្នកទាំងអស់គ្នារួមទាំងក្រុមគ្រួសារ ស្វាមី ភរិយាដែលបានអនុញ្ញាតឱ្យសមាជិកគ្រួសាររបស់ខ្លួនបំពេញការងារក្នុងបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិនេះ»។ នេះគឺជាការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា។
ជាមួយគ្នានេះដែរ មន្ត្រីនាំពាក្យវ័យក្មេង និងសកម្មរូបនេះ បានបញ្ជាក់បន្ថែមថា៖ «យើងទាំងអស់គ្នាត្រូវ បន្តខិតខំប្រឹងប្រែងចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើស រួមនឹងបន្តអប់រំផ្សព្វផ្សាយបន្ថែមទៀតពីសារៈប្រយោជន៍នៃការការពារព្រៃឈើ សត្វព្រៃដល់ប្រជាពលរដ្ឋទូទៅជាពិសេសពលរដ្ឋរស់នៅជុំវិញតំបន់ការពារធម្មជាតិដើម្បី ឱ្យពួកគាត់ចូលរួមការពារថែរក្សា និងទទួលបានផលប្រយោជន៍ពីអនុផលព្រៃឈើ និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិផងដែរ»។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់សាជាថ្មីថា បទល្មើសធនធានធម្មជាតិ ខ្នាតធំនៅក្នុងតំបន់ការពារធម្មជាតិរួមទាំងក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ប៉ុន្តែនៅមានបទល្មើសទ្រង់ទ្រាយតូចៗ ដែលបាននិងកំពុងកើតឡើង ដែលកម្លាំងសមត្ថកិច្ចជាពិសេសមន្ត្រីឧទ្យានុរក្សដែលកំពុងតែឈរជើងការពារតំបន់ការពារធម្មជាតិនឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ និងប្រជាសហគមន៍ដើម្បីបន្ត ទប់ស្កាត់ និងបង្ក្រាបបទល្មើស។
មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ថានភាពនៃបទល្មើសទ្រុងទ្រាយតូចៗ នៅបន្តកើតមានឡើងដោយសារតែទី១៖ ពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ការពារធនធានធម្មជាតិនៅមានកម្រិតនៅឡើយ, ទី២៖ គឺឈ្មួញមួយចំនួនបានញុះញង់ឱ្យប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ការធនធានធម្មជាតិចូលកាប់ឈើលក់ឱ្យខ្លួន និងទី៣៖ គឺពាក់ព័ន្ធនឹងតម្រូវការនៅក្នុងស្រុកមានន័យថាប្រជាពលរដ្ឋចង់បានគ្រឿងសង្ហារឹមដែលធ្វើពីឈើប្រណីតៗ និងជាប្រភេទឈើធម្មជាតិ។ ជាមួយគ្នានេះ ជនល្មើសបានប្រើប្រាស់វិធីសាស្ត្រ និងមធ្យោបាយកាន់តែទំនើបជាងមុនក្នុងការប្រព្រឹត្តបទល្មើស»។
ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះឱ្យបានទាន់ពេលវេលា លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាន និងដៃគូបាននឹងកំពុងបំពាក់សម្ភារៈទំនើបៗ ដើម្បីចាត់វិធានការ ច្បាប់ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ កាលពីចុងខែមករា ឆ្នាំ២០២១ ក្រសួងបរិស្ថាន និងគម្រោងព្រៃឡង់បៃតងរបស់ USAID បានដាក់ឱ្យប្រើប្រាស់ទីចាត់ការប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិ (PAMP) សម្រាប់ខេត្តព្រះវិហារ។ នេះជាលើកដំបូងដែលកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់សំដៅគ្រប់គ្រងទិន្នន័យល្បាតឱ្យបានហ្មត់ចត់ ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសខុសច្បាប់ឱ្យបានទាន់ពេលវេលា។
បើតាមលោករដ្ឋលេខាធិការក្រសួងបរិស្ថាន ទីចាត់ការនេះត្រូវបានបង្កើតជាលើកទី១ ដោយចាប់ផ្តើមពីខេត្តព្រះវិហារ និងបន្តទៅកាន់តំបន់ផ្សេងទៀត ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ និងតំបន់ការពារធម្មជាតិដទៃទៀត សំដៅគ្រប់គ្រងទិន្នន័យល្បាតឱ្យបានហ្មត់ចត់ ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសឱ្យទាន់ពេលវេលាតាមប្រព័ន្ធទំនាក់ទំនងទំនើបហើយនេះ គឺជាការបោះជំហានថ្មីមួយទៀត របស់ក្រសួងបរិស្ថាន និងអង្គការជាដៃគូ ក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ធម្មជាតិតាមបច្ចេកវិទ្យាទំនើប៕