(ភ្នំពេញ)៖ មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានឧបត្ថម្ភថវិកាលើកទឹកចិត្ត ជូនមន្រ្តីអាវុធហត្ថរបស់ខ្លួន ដែលបានជួយសង្គ្រោះជនរងគ្រោះ២នាក់ ដែលស្ថិតនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅម្តុំផ្លូវបំបែកសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
ហេតុការណ៍ភ្លើងនោះបានផ្តើមឆាបឆេះចេញពីផ្ទះកណ្តាលរាលទៅផ្ទះសងខាង យ៉ាងសន្ធោសន្ធៅបណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ និងក្មេងស្រីម្នាក់ទៀត ត្រូវអណ្តាតភ្លើងហ៊ុព័ទ្ធចេញមិនរួច។ ក្នុងពេលអគ្គិភ័យកំពុងឆាបឆេះ ហើយមនុស្សម្នាកំពុងព្យាយាមពន្លត់តែនៅមិនរលត់នោះ ម្ចាស់ផ្ទះបានស្រែកឆោឡោថា បាត់អ៊ីចុងភៅ និងក្មេងស្រីម្នាក់នៅជាមួយ ពេលនោះកម្លាំងអាវុធហត្ថ ដែលចូលរួមជាមួយក្រុមចម្រុះពន្លត់អគ្គិភ័យ មានគ្នា៣នាក់បានរត់ឡើងទៅលើដំបូលផ្ទះ ដែលកំពុងឆាបឆេះ ទំលុះចុះទៅជាន់ផ្ទាល់ដីដើម្បីជួយសង្រ្គោះ ស្ត្រីចំណាស់ និងក្មេងស្រីដែលកំពុងរងនូវចំហាយអណ្តាតភ្លើងឆាបឆេះព័ទ្ធជុំវិញ ដែលកំពុងចាប់ផ្តើមរលាក និងកំពុងថប់ដង្ហើមដោយសារផ្សែងជាខ្លាំង។ ភ្លាមៗនោះកម្លាំងកងរាជអាវុធហត្ថបានលើកបីដឹកបញ្ជូនបន្តៗ ឡើងមកលើ រួចដាក់ចុះចេញមកក្រៅ ដាក់ចូលរថយន្តសង្គ្រោះ យកទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ហើយបានបញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសមៈ។ អគ្គិភ័យនេះ បានបន្តឆាបឆេះអស់រយៈពេល១ម៉ោងកន្លះ ទើបរលត់ទៅវិញដោយក្រុមចម្រុះពន្លត់អគ្គិភ័យ ប្រើទឹកអស់ចំនួន១២រថយន្ត។ លុះដល់ព្រឹកឡើង លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តាំងក្រុមការងារ ឲ្យចុះទៅសួរសុខទុក្ខ ស្ត្រីចំណាស់ និងក្មេងស្រីរងគ្រោះ ដែលសម្រាកនៅមន្ទីរពេទ្យព្រះកុសមៈ ដោយនាំយកអំណោយទៅជូនពួកគាត់ផងដែរ ក្នុងម្នាក់ៗទទួលបានប្រាក់៥០ម៉ឺនរៀល ទឹកក្រូច១កេស ទឹកសុទ្ធ២កេស ព្រមទាំងផ្តាំសួរសុខទុក្ខពួកគាត់ទាំងពីរនាក់ ពីចម្ងាយហើយសូមជូនពរឲ្យពួកគាត់ទាំងពីរឆាប់ជាសះស្បើយ។
សូមបញ្ជាក់ដែរថា ស្ត្រីចំណាស់ដែលរងគ្រោះនោះមានឈ្មោះថា តាំង ហ្គិច អាយុ៦២ឆ្នាំ ជាចុងភៅ រីឯក្មេងស្រីម្នាក់ទៀត មានឈ្មោះថា ស្រីណែត អាយុ១០ឆ្នាំ ជាក្មេងកំព្រា រស់នៅជាមួយគេ បានថ្លែងអំណរគុណចំពោះកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានប្តូរជីវិតចូលទៅជួយសង្គ្រោះពួកគាត់ ចេញពីក្នុងភ្នក់ភ្លើង បើកុំតែបានកងរាជអាវុធហត្ថ ម្ល៉េះជីវិតពួកគាត់ច្បាស់ជាត្រូវស្លាប់ក្នុងភ្នក់ភ្លើងបាត់ទៅហើយ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះលោក រ័ត្ន ស្រ៊ាង ដែលបានយកចិត្តទុកដាក់ ដល់សុខទុក្ខរបស់ពួកគាត់។
ទន្ទឹមគ្នានោះដែរលោក រ័ត្ន ស្រ៊ាង បានសំដែងការកោតសរសើរ និងមានមោទនភាពយ៉ាងខ្លាំងចំពោះកម្លាំង អាវុធហត្ថក្រោមឱវាទរបស់លោកទាំង៣រូប ដែលបានពុះពារហ៊ានចូលទៅរំដោះយកជនរងគ្រោះពីក្នុងភ្នក់ភ្លើង ដែលកំពុងឆាបឆេះដោយមិនគិតពីអាយុជីវិតខ្លួនឯង។ ដើម្បីជាការលើកទឹកចិត្តចំពោះសកម្មភាពជាគំរូវីរភាពសម្រាប់អាវុធហត្ថរាជធានីភ្នំពេញ លោកបានផ្តល់រង្វាន់ជាថវិការដល់អាវុធហត្ថទាំង៣រូបគឺ ១- លោកអនុសេនីយ៍ឯក សើន កែវវណ្ណធី ២- ព្រិន្ទបាលឯក ធូ ប៊ុណ្ណា ៣- ព្រិន្ទបាលឯក ទឹម ប៊ុណ្ណា ក្នុងម្នាក់ៗទទួលបានថវិកាមួយលានរៀល ហើយអង្គភាពធ្វើការកត់ត្រាពីស្នាដៃជាគំរូវីរភាពនេះទុកសម្រាប់ឲ្យអាវុធហត្ថ រាជធានីភ្នំពេញដ៏ទៃទៀតរៀនសូត្រតាម ៕