(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ និងក្រើនរម្លឹកជាថ្មី ពីលទ្ធភាពនៃការចម្លង ឬវាយលុយដ៏សាហាវនៃមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ដែលកម្ពុជាទើបតែរកឃើញថ្មីៗនេះ។
លោកស្រីរដ្ឋលេខាធិការ បានថ្លែងបន្ដថា «មេរោគកូវីដ១៩បំប្លែងខ្លួនថ្មីនេះ វាអាចមានលលទ្ធភាពភាពឆ្លងសាហាវជាង ខ្លាំងជាង និងធ្ងន់ធ្ងរយូរជាងផងដែរ។ សូមកុំភ្លេចខ្លួន កុំធ្វេសប្រហេស កុំមើលស្រាល ឬមើលងាយឱ្យសោះ ទៅលើលទ្ធភាពនៃការវាយលុករបស់មេរោគកូវីដ១៩ ហើយយើងក៏មិនអាចដឹងដែរថា នៅថ្ងៃណាមួយប្រភេទវីរុសបំប្លែងថ្មីនេះ តើវានឹងអាចមានការផ្ទុះឡើងនៅក្នុងសហគមន៍ដែរឬទេ?»។
លោកស្រីបានបញ្ជាក់ថា «ដូច្នេះដើម្បីឆ្លើយបាននូវសំណួរនេះ ទាមទារឱ្យមានការចូលរួមយ៉ាងស្រស្រាក់ស្រស្រាំពីបងប្អូនប្រជាពលរដ្ឋយើង ការផ្ទុះឡើងនៃប្រភេទបំប្លែងខ្លួនថ្មីនេះ មានឬមិនមាន អាស្រ័យទៅការអនុវត្ដលើវិធានការសុខាភិបាល របស់ប្រជាពលរដ្ឋទាំងអស់គ្នា។ ទន្ទឹមនឹងនោះទៀត គឺអនុវត្ដការធ្វើចត្ដាឡីស័ក សម្រាប់អ្នកដំណើរពីក្រៅប្រទេសចូលមកកម្ពុជា ព្រោះជំងឺដ៏សាហាវនេះ គឺជាករណីឆ្លងមកពីក្រៅប្រទេស មិនមែនជាជំងឺកើតនៅក្នុងស្រុកយើងនោះទេ ដូច្នេះបើមានករណីឆ្លងជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីនេះ ហើយបុគ្គលនោះ មិនបានអនុវត្ដការធ្វើចត្ដាឡីស័កបានត្រឹមត្រូវនោះទេ ចឹងលទ្ធភាពនៃការឆ្លងចូលសហគមន៍នឹងមាន ចឹងហានិភ័យខ្ពស់ណាស់ មិនមែនទាបទេ»។
លោកស្រីថ្លែងបន្ដថា ដូច្នេះសូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋយើង សូមឱ្យមានការចូលរួមដោយការស្ម័គ្រចិត្ដ និងកាតព្វកិច្ច គឺអនុវត្ដវិធានការសុខាភិបាល បីការពារ បីកុំ និងការស្ម័គ្រចិត្ដ ទៅចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីចូលរួមការពារមេរោគកូវីដ១៩ ដោយពុំមានការបង្ខិតបង្ខំ ដែលការស្ម័គ្រចិត្ដ និងកាតព្វកិច្ច ត្រូវទៅជាមួយគ្នា ព្រោះវាសំខាន់ណាស់ ដែលត្រូវតែយកចិត្ដទុកដាក់ ហើយត្រូវតែត្រៀមលក្ខណៈឱ្យបានរួចរាល់ បើការពារខ្លួនមិនឆ្លង វាមានន័យថា ការពារគ្រួសារយើង និងសហគមន៍យើង មិនឱ្យឆ្លង។
ចឹងបើបុគ្គលគ្រប់រូប បានអនុវត្ដវិធានការសុខាភិបាល បីការពារ បីកុំ បូកជាមួយវ៉ាក់សាំង យើងសង្ឃឹមថាយ៉ាងមុតមាំថា កម្ពុជា នឹងអាចឈ្នះបាននូវមេរោគកូវីដ១៩ ទោះក្នុងទម្រង់បំប្លែងថ្មីក៏ដោយ ខណៈដែលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លាពីប្រទេសចិន នៅតែមានប្រសិទ្ធិភាពចំពោះការពារជំងឺកូវីដ១៩នេះ។
ការថ្លែងបែបនេះរបស់លោកស្រី ក្នុងឱកាសអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្កោល ស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ថ្នាក់ដឹកនាំរាជធានី-ខេត្ដ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ នាមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ក្នុងគោលបំណង ដើម្បីផ្ដល់ព័ត៌មានបន្ថែមទៀត ក៏ដូចជាការពង្រឹងនូវសមត្ថភាពគ្រូពេទ្យនៅក្នុងការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ដែលក្រសួងសុខាភិបាល បានប្រកាសដាក់ប្រើប្រាស់ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។
សូមជម្រាបថា កម្ពុជាបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ មេរោគបំប្លែងថ្មីចំនួន៣នាក់ ដែលជាករណីនាំចូល ជាជនជាតិឥណ្ឌា២នាក់ និងចិនម្នាក់។ ពួកគេបានមកដល់កម្ពុជាកាលពីថ្ងៃទី០៣ និងទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រសួងសុខាភិបាល បានឱ្យដឹងថា មេរោគកូវីដ១៩បំប្លែងខ្លួនថ្មីជាច្រើនប្រភេទ កំពុងចរាចរ និងរាតត្បាតនៅលើសកលលោកយ៉ាងខ្លាំងក្លា។
ក្រសួងបានឱ្យដឹងទៀតថា នៅលើពិភពលោកមានករណីឆ្លងវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ B.1.1.7 ប្រមាណជា ៨០ប្រទេសហើយ។ មានប្រមាណជា ៣០០ករណី រកឃើញនៅក្នុងបណ្ដាប្រទេសជាង១០ នៅក្នុងតំបន់ប៉ាស៊ីប៉ាស៊ីហ្វិកខាងលិច។ ចំនួន ៨ប្រទេស/កន្លែង បានរាយការណ៍ពីករណីឆ្លងវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ 501.V2 ដែលក្នុងចំណោមបណ្ដាប្រទេសទាំងនេះ ក៏មានប្រទេសនៅក្នុងតំបន់អាស៊ាន និងនៅជិតខាងកម្ពុជាដែរ។
ជាមួយគ្នានេះមានលើសពី ៤០ប្រទេស និងទីតាំង នៅលើពិភពលោក ត្រូវបានរាយការណ៍ពីការរកឃើញករណីឆ្លងមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី ប្រភេទ 501.V2 Variant ដែលក្នុងនោះមានចំនួនប្រមាណ ៨ប្រទេស នៅតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយបានរកឃើញលើសពី ៧០ករណីហើយ។ដោយឡែកនៅលើសកលលោកលើលពី ១០ប្រទេស និងទីតាំង ដែលបានរកឃើញករណីឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទ P.1 Variant។ ក្នុងចំណោមនេះ នៅតំបន់ប៉ាស៊ីហ្វិកខាងលិចមានការរាយការណ៍កើតមានលើសពី ២ករណី ឆ្លងវីរុសប្រភេទថ្មីនេះ ពីប្រទេសចំនួន ០២ ផងដែរ ដែលគេមិនបានបញ្ចេញឈ្មោះ ប្រទេសទាំងនេះឡើយ ដោយហេតុផល កំពុងស្រាវជ្រាវបង្កទៀត៕