(ស្ទឹងត្រែង)៖ លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដីខេត្តរតនគិរី កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត និងត្រួតពិនិត្យរបស់តុលាការខេត្តស្ទឹងត្រែង បន្ទាប់ពីព្រះរាជអាជ្ញាសំរេចចោទប្រកាន់ និងស្នើឲ្យឃុំខ្លួន ពាក់ព័ន្ធចេញប័ណ្ណកម្មសិទ្ធិមិនប្រក្រតីលើផ្ទៃដីព្រៃស្រោងជាង៥០០ហិកតា ឲ្យទៅមនុស្សតែម្នាក់កាលគាត់នៅជាប្រធានមន្ទីររៀបចំដែនដី ខេត្តស្ទឹងត្រែង។
នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចៅក្រមស៊ើបអង្កេត បានដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅកាន់ទីតាំងដីព្រៃដែលលោក លី ឧសភា ចេញប័ណ្ណកម្មសិទ្ធិមិនប្រក្រតី ដើម្បីពិនិត្យមើលជាក់ស្ដែង។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង បន្ទាប់ពីគណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំឯកភាពឱ្យគណ:កម្មការចម្រុះដឹកនាំដោយលោក ជេត ខេមរា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ចុះធ្វើការបង្ក្រាបករណីកាប់ទន្ទ្រានដីព្រៃ និងអង្កេតស្រាវជ្រាវករណីចេញប័ណ្ណកាន់កាប់ដីធ្លីលើដីព្រៃស្រោង របស់រដ្ឋនៅទូទាំងខេត្តស្ទឹងត្រែង នាពេលកន្លងមក។ ព្រះរាជអាជ្ញាបានស៊ើបអង្កេតឃើញឈ្មោះ លី ឧសភា អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង បច្ចុប្បន្នជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគីរី បានចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីមិនប្រក្រតីចំនួន ៧៧ ប័ណ្ណលាតសន្ធឹងលើផ្ទៃដី អភិរក្សជីវៈចម្រុះព្រៃការពារព្រៃស្រោង ចំនួន៥២៨ហិកតា ស្ថិតនៅឃុំចំនួន២គឺនៅឃុំសំអាង និងឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។
ក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ២២៧ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ របស់លោក ជេត ខេមរា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានសន្និដ្ឋានថា ឈ្មោះ លី ឧសភា បានចេញប័ណ្ណកាន់កាប់ដីធ្លីលើដីព្រៃស្រោងតំបន់ការពារអភិរក្សជីវៈចម្រុះ ដោយអត់មានដីអាស្រ័យផលរបស់ប្រជាពលរដ្ឋនោះទេ ហើយក៏អត់មានការផ្ទេរកម្មសិទ្ធិពីមួយទៅមួយដែរ គឺចេញបណ្ណកម្មសិទ្ធិអោយចំពោះបុគ្គលតែម្នាក់ប៉ុណ្ណោះ។
ក្នុងនោះព្រះរាជអាជ្ញាសំរេចចោទលោក លី ឧសភា ពីបទក្លែងបន្លំឯកសារសាធារណ:តាមមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ ដូច្នេះជាព្រះរាជអាជ្ញាគប្បីត្រូវឃុំខ្លួនជនត្រូវចោទ ឈ្មោះ លី ឧសភា ដើម្បីធានារក្សាជនត្រូវចោទអោយតុលាការចាត់ការតាមនីតិវិធីនៃច្បាប់។
បច្ចុប្បន្នចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង បានកំពុងតែចាត់ការទៅលើសំណុំរឿងខាងលើ ហើយដោយសំរេចមិនឃុំខ្លួននោះទេ គឺដាក់ឈ្មោះ លី ឧសភា ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ ដោយឡែកឈ្មោះ លី ឧសភា បានកំពុងបំពេញការងារជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរីជាធម្មតា។
ពាក់ព័ន្ធករណីចេញប័ណ្ណកាន់កាប់ដីធ្លីមិនប្រក្រតីនេះ លោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម ធ្លាប់បានផ្ដាំផ្ញើដល់ប្រធានមន្ទីរទាំងអស់ថា ឯកសារប័ណ្ណកាន់កាប់ដីធ្លីអត់មានអាជ្ញាយុកាលនោះទេ។ ករណីប្រធានមន្ទីរដែនដីរូបណា ចុះហត្ថលេខាលើឯកសារដីធ្លីខុសប្រក្រតី ហើយតុលាការរកឃើញ ប្រធានមន្ទីរដែនដីរូបនោះគឺត្រូវមកទទួលទោសតាមច្បាប់៕