(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន គ្រោងនឹងបើកទ្វាជាលើកដំបូងធ្វើការប្រឡងជ្រើសរើសនិស្សិតចំនួន២០០នាក់ មកសិក្សាជំនាញឯកទេស ក្នុងតម្លៃសិក្សាចំនួន៦០០ដុល្លារ ក្នុងឆ្នាំ ព្រមទាំងផ្តល់ឱកាសអាហារូបករណ៍១០០% សម្រាប់និស្សិតឆ្នើមចំនួន៥០នាក់ និងអាហារូបករណ៍៥០% សម្រាប់និស្សិតឆ្នើមចំនួន៥០នាក់ ឱ្យសិក្សារយៈពេល៤ឆ្នាំ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលេីកឡេីងដូចនេះនាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួង ក្រោមប្រធានបទ «លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្រ្តបច្ចេកទេស ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព ក្នុងវិស័យសាធារណការនិងដឹកជញ្ជូន និងភស្តុភារកម្ម» ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ផងដែរថា វិទ្យាស្ថាននឹងចាប់ផ្តើមទទួលពាក្សប្រឡងពីថ្ងៃទី២០ រ ហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ហើយប្រឡងនៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ចំណែកលទ្ធផលនៃការប្រឡងនឹងចេញនៅថ្ងៃទី៥ ខែមិនា។ក្រោយពីបានដឹងលទ្ធផលហើយនឹងចាប់ផ្តើមចុះឈ្មោះចូលរៀនពីថ្ងៃទី០៦ ដល់ថ្ងៃទី១៥ បន្ទាប់មកនៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១ នឹងបើកសាលាឱ្យចូលរៀនជាផ្លូវការតែម្តង។
លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា កម្មវិធីនៃការរៀបចំនេះ ក្រសួងបានត្រៀមរួចរាល់ហើយ តាមប្រព័ន្ធអនឡាញ រង់ចាំតែទទួលនិស្សិតឱ្យមកស្តាប់ការពន្យល់លម្អិតនូវព័ត៌មានជុំវិញការសិក្សាជំនាញនេះតែប៉ុណ្ណោះ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានអញ្ជើញឱ្យនិស្សិតមកឱ្យបានច្រើននៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅវិទ្យាស្ថានតេជោសែន ដើម្បីស្តាប់ការពន្យល់ពីមុខវិជ្ជាដែលត្រូវបង្រៀន នឹងផលប្រយោជន៍ពីសិក្សានៅវិទ្យាស្ថានតេជោសែននេះផងដែរ៕