(នេប៉ាល់)៖ អាជ្ញាធរនៃស្រុកមីយ៉ាកឌី (Miyagdi) ភាគខាងលិច ប្រទេសនេប៉ាល់ បានរកឃើញសាកសពទាំងអស់ចំនួន ២៣នាក់នោះហើយ ក្រោយពីយន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់នៅតំបន់នោះ នៅថ្ងៃពុធម្សិលមិញ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។
កម្លាំងសង្គ្រោះ បាននិងកំពុងបញ្ជូនសាកសពម្តងមួយៗ ចេញពីកន្លែងជួបគ្រោះថ្នាក់នៅជម្រាលភ្នំ ទៅកាន់ឧទ្ធម្ភាគចក្រ ដែលមានចម្ងាយ ១៥០ម៉ែត្រពីគ្នា។ នេះបើតាមការដកស្រង់សម្តីរបស់លោក សាហ្គារម៉ានី ផាថាក (Sagarmani Pathak) មេបញ្ជាការកងកម្លាំងប្រចាំស្រុកមីយ៉ាកឌី។
គួរបញ្ជាក់ថា សាកសពទាំងអស់ ដែលរួមមានជនជាតិនេប៉ាល់ ២១នាក់ និងបរទេសពីរនាក់ (ចិន និង អាមេរិក) នឹងត្រូវបញ្ជូនទៅកាន់ទីក្រុង ផូខារ៉ា ដែលជាកន្លែងយន្តហោះ បានហោះចេញនៅថ្ងៃពុធ ដើម្បីធ្វើការវិភាគ រកអត្តសញ្ញាណ។ ចំពោះមូលហេតុ ដែលនាំឲ្យយន្តហោះរបស់ក្រុមហ៊ុនក្នុងស្រុកមួយនេះធ្លាក់ ត្រូវបានអាជ្ញាធរបញ្ជាក់ថា បានបណ្តាលមកកត្តាអាកាសធាតុអាក្រក់៕