(បាត់ដំបង)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយលោក ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យច្រកព្រំដែន អន្តរជាតិដូង ដើម្បីពិនិត្យសកម្មភាពត្រួតពិនិត្យសុខភាពពលករ និងអ្នកដំណើរ ពីប្រទេសថៃ ចូលមកកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះ រដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏បានអញ្ជើញពិនិត្យតង់ចត្តាឡីស័ក និងបានជួបសម្ភាសដោយផ្ទាល់ជាមួយពលករដែលឆ្លងចូលមកពីប្រទេសថៃ និងកំពុងធ្វើចត្តាឡីស័ក ដើម្បីស្វែងយល់ពីមូលហេតុ នៃការត្រឡប់ចូលមកកម្ពុជាវិញ និងចង់ដឹងពីអារម្មណ៍នៃការធ្វើចត្តាឡីស័ក។

រដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានណែនាំដល់ពលករ ដែលបានវិលមកវិញហើយ ត្រូវខិតខំស្វែងរកមុខរបរនៅក្នុងប្រទេស ចៀសវាងការធ្វើដំណើរឡើងចុះ ដែលអាចនាំជំងឺឆ្លង ជាពិសេសជំងឺកូវីដ១៩ ចូលដល់ភូមិឃុំយើង និងខាតពេលវេលាធ្វើចត្តាឡីស័ក។

ជាមួយគ្នានោះដែរ រដ្ឋមន្រ្តីសុខាភិបាល ក៏បានបន្ដអញ្ជើញចុះពិនិត្យមណ្ឌលសុខភាព តាង និងពិនិត្យទីតាំងដែលអង្គការ KOFIH មានបំណង សាងសង់មណ្ឌលចត្តាឡីស័កជូន ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងដំណើរបេសកកម្មនេះ រដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏បានអញ្ជើញចុះពិនិត្យមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដែលកំពុងពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ១៩ និងបានប្រគល់ម៉ាស៊ីនវាស់ចង្វាក់ បេះដូងមួយគ្រឿង (ECG) ជូនមន្ទីរពេទ្យ។

ក្នុងដំណើរបេសកកម្មនៅខេត្តជាប់ព្រំដែនភូមិភាគពាយ័ព្យប្រទេស រដ្ឋមន្រ្តីបានកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវ: និងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាប្រកបដោយសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់៕