(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្ត និងអាជ្ញាធរស្រុកជាមួយស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យកន្លែងធ្វើចត្តាឡីស័កតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងតំបន់ស្នាក់ការច្រកទ្វារស្វាយអាង៉ោងនៃស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សូមបញ្ជាក់ផងដែរថា គណៈកម្មការប្រយុទ្ធនិងជំងឺកូវីដ-១៩ ខេត្ត និងអាជ្ញាធរស្រុកជាមួយស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យទីតាំងចំនួន៤ រួមមាន៖

១៖ ទីតាំងធ្វើចត្តាឡីស័ក
២៖ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ស្វាយអាង៉ោង
៣៖ ទីស្នាក់ការច្រកទ្វារស្វាយអាង៉ោង
៤៖ ច្រករបៀងអូរស៊ែរ។

យោងតាមសេចក្តីថ្លែងសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនជនរួមជាតិអំពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូលប្រទេសកម្ពុជា អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យនៅមូលដ្ឋាន ដើម្បីបង្កើនការរឹតបន្តឹងថែមទៀតនៅកន្លែងធ្វើចត្តាឡីស័ក។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត បានអំពាវនាវដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសវៀតណាម មិនត្រូវចល័ត ឬវិលត្រឡប់មកស្រុកកំណើតវិញក្នុងដំណាក់កាលនេះទេ គឺពួកគេអាចមានហានិភ័យខ្ពស់ទាំងផ្នែកសន្តិសុខ និងសុខភាព។

លោកលើកឡើងថា «ដើម្បីការពារសុខភាពរបស់បងប្អូន និងក្រុមគ្រួសារ ក៏ដូចជា សុខភាពសាធារណៈ បងប្អូន នឹងត្រូវក្រុមការងារចត្តាឡីស័កកម្ពុជានៅតាមច្រកព្រំដែន កម្ពុជា-វៀតណាម យកសំណាកទៅពិនិត្យជំងឺកូវីដ-១៩ និងដាក់ឲ្យធ្វើចត្តាឡីស័កនៅព្រំដែនចំនួន ១៤ថ្ងៃ បើទោះបីជាបងប្អូនឆ្លងចូលមកប្រទេសកម្ពុជាតាមច្រកណាមួយក៏ដោយ។ ម្យ៉ាងវិញទៀត បងប្អូន អាចប្រឈមនឹងការឃាត់ខ្លួន និងរងការពិន័យរបស់ អាជ្ញាធរកម្ពុជាក្នុងពេលធ្វើដំណើរខុសនឹងបម្រាមរបស់ អាជ្ញាធរកម្ពុជាយើង»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងសុខាភិបាល និងមន្ត្រីពាក់ព័ន្ធទាំងអស់ ចាប់ផ្តើមអនុវត្តន៍វិធានការច្បាប់តាម «អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល» ឱ្យបានតឹងរឹងបំផុតចំពោះអ្នកព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ពិនិត្យឡើងវិញពីកម្រិតពិន័យនៅក្នុងអនុក្រឹត្យនេះផងដែរ ព្រោះវានៅទាបដែលនាំឱ្យបុគ្គលខ្លះមិនខ្លាចរអា។

បទបញ្ជា និងការណែនាំដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមរយៈសារសំឡេងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ បទបញ្ជា និងការណែនាំនេះ បានធ្វើឡើងបន្ទាប់ពីពលករខ្មែរឆ្លងមកពីប្រទេសថៃមួយចំនួន បានព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក ដែលជាហានិភ័យដ៏ធ្ងន់ធ្ងរក្នុងការនាំជំងឺកូវីដ១៩ ចូលក្នុងសហគមន៍៕