(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសរុស្ស៊ី បើទោះបីជាសហរដ្ឋអាមេរិក ជំរុញមិនឲ្យលោកធ្វើដំណើរក្តី នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលជប៉ុន និងចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។
លោក Yoshihide Suga អ្នកនាំពាក្យលោក Abe បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី នឹងធ្វើដំណើរទស្សនៈកិច្ចមិនផ្លូវការមួយ ទៅកាន់រុស្ស៊ី ដើម្បីពិភាក្សាគ្នា លើបញ្ហាជម្លោះទឹកដី ដែលបានអូសបន្លាយពេលយ៉ាងយូរ រវាងរដ្ឋាភិបាលទីក្រុងតូក្យូ និងទីក្រុងម៉ូស្គូ។ «លោកនាយករដ្ឋមន្ត្រី Abe បាននឹងកំពុងគ្រោង ធ្វើដំណើរទស្សនៈកិច្ចមិនផ្លូវការមួយ ទៅកាន់រុស្ស៊ី តាមពេលដែលសមស្រប មុនពេលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ធ្វើដំណើរទស្សនៈកិច្ច មកកាន់ជប៉ុន» នេះបើតាមសម្តីលោក Suga។
ប្រធានាធិបតីរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទស្សនៈកិច្ចមកកាន់ជប៉ុន នៅចុងឆ្នាំ២០១៦នេះ។ សូមជម្រាបថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ កាលពីថ្ងៃទី០៩ ខែកុម្ភៈ បានជំរុញឲ្យលោក Abe ចៀសវាងក្នុងការធ្វើដំណើរ ទៅកាន់ទីក្រុង Sochi របស់រុស្ស៊ី នៅក្នុងខែឧសភា ដោយសារតែជំហររបស់សហរដ្ឋអាមេរិក លើសកម្មភាពរបស់រុស្ស៊ី ដែលបានធ្វើឡើងចំពោះប្រទេសអ៊ុយក្រែន និងស៊ីរី។
លោក Suga បានបញ្ជាក់ថា ទំនាក់ទំនងរវាងជប៉ុន និងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន នឹងបន្ត ព្រមទាំងកិច្ចសហប្រតិបត្តិការពិសេសរបស់ខ្លួន ហើយតាមរយៈប្រទេសក្បាលម៉ាស៊ីនទាំង៧ (G7) ជប៉ុន នឹងក្រោកឈររួមគ្នា ប្រឈមមុខចំពោះការលំបាក របស់សហគមន៍អន្តរជាតិ៕