(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបើកកិច្ចពិភាក្សាស្ដីពី សារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាលក្នុងអំឡុងពេលរាតត្បាត ជាសកលនៃជំងឺកូវីដ១៩ ដើម្បីចូលរួមអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។
កិច្ចពិភាក្សានេះ បានប្រព្រឹត្ដទៅនៅសាលប្រជុំនៃទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកស្រីកិត្ដិសង្គហបណ្ឌិត ឃួន សុដារី ប្រធានក្រុមការងារឥស្សរៈជនឆ្នើមថ្នាក់ជាតិ អនុប្រធានកាកបាទក្រហមកម្ពុជា និងតំណាង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក្រុមប្រតិបត្ដិ អ្នកសម្របសម្រួលកម្មវិធី មន្ដ្រីកាកបាទក្រហមកម្ពុជា និងវាគ្មិនជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោកស្រីកិត្ដិសង្គហបណ្ឌិត ឃួន សុដារី បានលើកឡើងពីការរួមគ្នា កាត់បន្ថយអត្រាមរណភាពមាតា និងទារក ដើម្បីបង្កើតធនធាន សំដៅដើម្បីអភិវឌ្ឍប្រទេសជាតិ
ដែលជាគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះគឺធ្វើយ៉ាងណាឱ្យគ្រប់ស្ដ្រីមានផ្ទៃពោះទាំងអស់ ទទួលបានការពិនិត្យថែទាំ ចាប់ពីពេលពពោះ រហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាលកូនហើយ ត្រូវបន្ដថែទាំសុខភាពទាំងម្ដាយ និងកូន ក្នុងអំឡុងរយៈពេល១ខែកន្លះ និងបន្ដថែទាំសុខភាពទារក រហូតដល់កូនអាយុ២ឆ្នាំ។
លោកស្រីកិត្ដិសង្គហបណ្ឌិត ឃួន សុដារី បានបញ្ជាក់ថា «ដោយការយល់ដឹងរបស់ស្ដ្រី ក៏ដូចជាប្រជាពលរដ្ឋទូទៅនៅមានកម្រិត ដែលទាមទារឱ្យមន្ដ្រីស្ថាប័នពាក់ព័ន្ធ បន្ដជួយដល់ស្ដ្រីមានផ្ទៃពោះ និងកុមារតូចៗក្រោមអាយុ៥ឆ្នាំ ជាពិសេស អន្ដរាគមន៍ពេលស្រ្ដីមានផ្ទៃពោះ ប្រឈមនឹងបញ្ហាក្នុងពេលសម្រាលបុត្រ ដើម្បីជួយជីវិតមាតា និងទារកនោះ បានទាន់ពេលវេលា»។
ទន្ទឹមនឹងនោះ លោកស្រីកិត្ដិសង្គហបណ្ឌិត ឃួន សុដារី បានជំរុញលើទឹកចិត្ដ ដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការបុគ្គលិកសុខាភិបាល អ្នកផ្ដល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្ដគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាល តាមការកំណត់។
ដោយបច្ចុប្បន្ន បញ្ហាវិបត្ដិកូវីដ១៩ នៅតែមិនទាន់ផុតរលាយពីផុតផែនដី លោកស្រី កិត្ដិសង្គហបណ្ឌិត ឃួន សុដារី បានអំពាវនាវដល់មន្ដ្រីពាក់ព័ន្ធគ្រប់ស្ថាប័ន រួមជាមួយប្រជាពលរដ្ឋទូទាំងប្រទេស បន្ដអនុវត្ដឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារខ្លួន ដែលបានណែនំា ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាលដោយត្រូវ ពាក់ម៉ាស លាងដៃញឹកញាប់ រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង និងកុំទៅកន្លែងមនុស្សច្រើនកុះករ កុំនៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើន និងកុំប៉ះពាល់គ្នានៅពេលជួបគ្នា កុំចាប់ដៃគ្នា កុំកៀកគ្នា កុំឱបគ្នាជាដើម៕