(ភ្នំពេញ)៖ សំណុំរឿងឃាតកដែលរំលោភ រួចអារ.កសម្លាប់ក្មេងស្រីក្នុងបន្ទប់ជួលមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នឹងត្រូវប្រកាសសាលក្រម នៅដើមខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមមន្ត្រីតុលាការ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

មន្ត្រីតុលាការដដែល បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងឃាតកឈ្មោះ អ៊ាម សំណាង ដែលរំលោភសម្លាប់ក្មេងស្រីក្នុងបន្ទប់ជួល នៅខណ្ឌពោធិ៍សែនជ័យ មកធ្វើការជំនុំជម្រះទោស។ បន្ទាប់ពីដំណើរការសួរដេញដោលបានបញ្ចប់ តុលាការបានសម្រេចលើកយកសំណុំរឿងនេះ ទៅប្រកាសសាលក្រមនៅថ្ងៃទី២ ខែមិនា ឆ្នាំ២០២១ខាងមុខ។

សូមរំលឹកថា ឃាតកឈ្មោះ អ៊ាម សំណាង ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនបានកាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅក្រោមស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ តាមសំដីសារភាពរបស់ អ៊ាម សំណាង បានប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុរូបគេមានអាការស្រវឹង ឃើញក្មេងស្រីរងគ្រោះនៅក្នុងបន្ទប់ម្នាក់ឯង ក៏ចូលក្នុងបន្ទប់ចាប់ក្មេងស្រីនោះឆក់ និងអារ.ក ទើបរំលោភ។

ក្មេងស្រីខាងលើត្រូវបានឃាតករំលោភរួចអារ.កសម្លាប់បំបិទមាត់ បណ្ដាលឲ្យស្លាប់ទាំងអាក្រាតកាយ នៅក្នុងថ្លុកឈាម ហើយសាកសពនាងត្រូវបានបងប្រុសជីដូនមួយប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង ៤៖០០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ក្មេងស្រីដែលត្រូវបានសម្លាប់នោះមានឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មានបងប្អូនចំនួន៤នាក់ ហើយនាងគឺជាកូនទី៤ មានឪពុកឈ្មោះ ទ្រី អ៉ី អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងម្តាយឈ្មោះ ចាន់ ស្រី មុំ អាយុ៤៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានស្រុកកំណើត នៅក្នុងភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕