(កណ្ដាល)៖ តាមសេចក្ដីរាយការណ៍បានឲ្យ Fresh News ដឹងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះថា សមត្ថកិច្ចបានឃាត់ខ្លួនក្រុមប្រជាពលរដ្ឋចំនួន១១នាក់ ក្នុងចំណោមមនុស្សជាច្រើននាក់ ដែលនាំគ្នាធ្វើការតវ៉ាដោយអំពើហិង្សា ដុតកង់ឡាន ចោលដបសាំងកំពុងឆេះមកលើសមត្ថកិច្ច និងបំរុងដុតគ្រឿងចក្រ ពាក់ព័ន្ធបញ្ហាទំនាស់ដីធ្លី នៅចំណុចផ្លូវ7NG ក្បែរតំបន់ដំរីស្រុត ស្ថិតនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ពលរដ្ឋចំនួន២នាក់តំណាង១០គ្រួសារ, ម្នាក់ឈ្មោះ គ្រុឌ សុខចាន់ និងឈ្មោះ ផា សុខលាភ បានអះអាងថា ដីនេះជាដីសាមគ្គីរួមដែលរដ្ឋបានចែកឲ្យពលរដ្ឋចំនួន១០គ្រួសារតាំងពីឆ្នាំ១៩៨៣មកម្ល៉េះ លើទំហំដីទទឹង៧០ម៉ែត្រ និងបណ្ដោយ៧០០ម៉ែត្រ ។ លុះមកដល់ឆ្នាំ១៩៨៧-១៩៨៨ ពលរដ្ឋទាំង១០គ្រួសារឯកភាពគ្នាលក់ដីមួយចំណែកនៅពាក់កណ្ដាលដីនេះជិតមួយហិកតាទៅឲ្យអតីតមេឃុំព្រែកតាកូវ ឈ្មោះ ហង់ រាំង ដោយគ្មានលិខិតកិច្ចសន្យាទិញ លក់អ្វីទេ ពោលគឺទិញ លក់និយាយតែមាត់ប៉ុណ្ណោះ ។

អ្នកទាំង២បន្តថា ស្រាប់តែពេលបានដីហើយ លោក ហង់ រាំង ចាប់ផ្ដើមឈូសឆាយរំលោភចូលដីរបស់អ្នកភូមិបំរុងព័ទ្ធយកជាដីកម្មសិទ្ធិរបស់ខ្លួនទាំងអស់ ប៉ុន្តែត្រូវបានពលរដ្ឋប្ដឹងទៅសាលាឃុំ ប៉ុន្តែគ្មានដំណោះស្រាយអ្វីឡើយមកដល់សព្វថ្ងៃ។

ពួកគាត់បានបញ្ជាក់ពីសកម្មភាពប៉ះទង្គិចគ្នាផងដែរថា ដោយសារតែខាងអាជ្ញាធរបានប្រើគ្រឿងចក្រឈូសឆាយទ្រព្យសម្បត្តិពួកគាត់ ទើបពួកគាត់ប្រើវិធីទប់ស្កាត់ដោយដុតកង់ឡាន គប់ដបសាំងកំពុងឆេះទៅលើគ្រឿងចក្រ ដោយគ្មានបំណងប្រើហិង្សាទៅលើអាជ្ញាធរ ឬសមត្ថកិច្ចឡើយ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន១១នាក់តែម្ដងទៅ។

ជុំវិញបញ្ហាទំនាស់ដីធ្លីរហូតប្រើអំពើហឹង្សា និងឃាត់ខ្លួនអ្នកតវ៉ាខាងលើនេះដែរ បើតាមការឲ្យដឹងពីលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានប្រាប់ Fresh News ថា ករណីនេះប្រជាពលរដ្ឋបានធ្វើការតវ៉ាដោយមានទាំងការដុតភ្លើង ដុតកង់ឡាន ចោលដបសាំងដែលមានភ្លើងឆេះ មកលើអាជ្ញាធរ បំណងបង្កើតអំពើហិង្សា ដូច្នេះអាជ្ញាធរបានប្រើសិទ្ធិនៅក្នុងការឃាត់ខ្លួនពួកគាត់យកទៅសួរនាំ ។

លោកអភិបាលស្រុកបញ្ជាក់ទៀតថា ចំពោះករណីនេះប្រជាពលរដ្ឋបានលក់ដីនេះទៅឲ្យឯកជនតាំងពីឆ្នាំជាង៩០មកម្ល៉េះ ក៏ប៉ុន្តែបែរជាប្រជាពលរដ្ឋមិនដឹងថាពួកគាត់ទៅស្ដាប់នរណាគេទេ បែរជានាំគ្នាមកតវ៉ាចង់បានដីធ្លីនេះមកវិញទាំងខុសច្បាប់ ។

លោកអភិបាលស្រុកបញ្ជាក់ទៀតថា ការដែលប៉ះទង្គិចគ្នានេះគឺដោយសារតែក្រុមប្រជាពលរដ្ឋបានប្រើអំពើហិង្សាមកលើក្រុមអាជ្ញាធរមុន ខណៈដែលអាជ្ញាធរបានចុះទៅហាមឃាត់ការសាងសង់សំណង់រឹងមាំទៅលើដីកម្មសិទ្ធិឯកជនរបស់អ្នកដទៃ ដូច្នេះអាជ្ញាធរមានសិទ្ធិនៅក្នុងការឃាត់ខ្លួនពួកគាត់ដើម្បីយកទៅសួរនាំ ។

ចំពោះករណីចោទនេះដែរ លោក ហង់ រាំង ដែលរងការចោទប្រកាន់ពីប្រជាពលរដ្ឋ មិនទាន់អាចស្នើរសុំការបំភ្លឺបានឡើយ ព្រោះលោកថាលោកកំពុងរវល់ នៅឆ្ងាយ មិនអាចផ្ដល់ព័ត៌មានលម្អិតបានឡើយ រង់ចាំស្អែក ឬខានស្អែក ។

សូមអានលិខិតដែលលោក អភិបាលស្រុកបានបញ្ជូនមក Fresh News ជាច្រើនសន្លឹក រួមមាន សេចក្ដីជូនដំណឹង និងលិខិតពាក់ព័ន្ធផ្សេងទៀត៖